ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១០នាទីរសៀល នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន១ករណី ស្ថិតនៅភូមិកណ្តក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នៅក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះ សុភ័ក្រ្ត រ៉ាឌី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់(ទម្ងន់១. ៦៣ក្រាម), ទូរស័ព្ទចំនួន០១គ្រឿង(ម៉ាកTecno spark ពណ៍ខ្មៅ,ម៉ូតូចំនួនមួយគ្រឿង,កែងជក់គ្រឿងញៀនចំនួន១ និងទុយោចំនួន១ថែមទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច