ភ្នំពេញ៖ ក្រោមបញ្ជាផ្ទាល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះបន្ដត្រួតពិនិត្យ និងផ្សព្ធផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ .អគារផាតមិន.បុរី.ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោស សម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន៦៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣០៦នាក់ (ស្រី៩០នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ ។ រកឃើញបទល្មើសឆបោក តាមប្រពន្ធ័បច្ចេកវិទ្យា ២ករណី និងឃាតខ្លួនមនុស្សប្រព្រឹត្ដចំនួន២នាក់ជាជនជាតិចិន ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៦ថា៖ ក្នុងចំណោម៦៤ទីតាំងនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២ករណីរួមមាន៖ ១. នៅខុនដូរភ្នំពេញកាឡាក់ស៊ីហ្គាដេន អគារB បន្ទប់លេខ១៦០៤ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ២នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន៖ទូរស័ព្ទ ១គ្រឿង និងTablet ៤គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកក្លែងកិច្ចសន្យា ឬឆបោកប្រាក់កម្ចី។ ២. នៅអាគារខុនដូរដដែល ក្នុងបន្ទប់លេខ២៤០២ គ្មានមនុស្សសា្នក់នៅ និងដកហូតសម្ភារ រួមមាន៖ ទូរស័ព្ទ ១៣គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកឧបករណ៍បម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ពាក់ព័ន្ធនឹងការងារចុះពិនិត្យនេះដែរ ក្រុមការងារខណ្ឌចំការមនបានចុះត្រួតពិនិត្យទីតាំង LH Residence ស្ថិតនៅអគារលេខ១៣ ផ្លូវលេខ៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ក្នុងអគារA បន្ទប់លេខ៦០៥ ជាន់ទី៦ និងអគារB បន្ទប់លេខ៨០១ ជាន់ទី៨ បានរកឃើញបទល្មើសចំនួន ១ករណី ដោយបានដកហូតសម្ភារៈកុំព្យូទ័រ All in one ចំនួន ៥គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកទិន្នន័យវេបសាយសម្រាប់ចែកចាយរូបភាព និងវីដេអូអាសអាភាសតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីហើយ ។
លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ម្សិលម៉ិញនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឱ្យមាន ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ សហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕. ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច