ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ហាង«ចរណៃ»ប្រកាសផ្អាកដំណើរការគ្រប់សាខា យ៉ាងយូរត្រឹមថ្ងៃទី២២ សីហា

ចែករំលែក៖

ភ្នំពេញ៖ ហាង«ចរណៃ» នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសផ្អាកដំណើរការគ្រប់សាខា យ៉ាងយូរត្រឹមថ្ងៃទី២២ សីហា តែនៅបន្តនិយាយការពារពីភាពត្រឹមត្រូវរបស់ខ្លួន។ នេះ បើតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ chornai.com។

ការប្រកាសនេះធ្វើឡើងមួយថ្ងៃក្រោយ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សម្រេចផាកពិន័យជាប្រាក់ពី ១០ ទៅ ២០លានរៀល ក្រោយរកឃើញថាបានធ្វើអាជីវកម្មបន្លំ និងធ្វើឱ្យអ្នកប្រើប្រាស់ភាន់ច្រឡំរវាងត្រីសាម៉ុន (Salmon) និងត្រីត្រោត (Trout) ដែលជាការរំលោភលើច្បាប់សុវត្ថិភាពម្ហូបអាហារ កាលពីថ្ងៃទី២២ មិថុនា ២០២៦។

ទោះជាខ្លឹមសារនៃការបង្ហោះចង់ជូនដំណឹងទៅកាន់សាធារណជនពីការផ្អាកហាងក្តី ហាងចរណៃ នៅតែប្រកាន់ខ្ជាប់ភាពត្រឹមត្រូវរបស់ខ្លួនថា «យើងខ្ញុំសូមឆ្លៀតឱកាសនេះ បញ្ជាក់ថា ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់តិចស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។ យើងខ្ញុំមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេស ន័រវែស នោះដែរ។»៕

ដោយ៖តារា


ចែករំលែក៖