ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានអំពាវនាវដល់ក្រសួង ស្ថាប័ន ពាក់ពន្ធ័ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ដចូលរួមជាមួយសមាគមសមាជិកសភាកម្ពុជា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ បានអំពាវនាវបែបនេះ ខណៈ សម្ដេចអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី២៥ឆ្នាំនៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍដែលបានរៀបចំ ឡើងនៅរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស. ២៥ ៧០ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការ នារីនៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ បានលើក ឡើងថា ចាប់តាំងពីសមាគមបានកកើតឡើងក្នុងឆ្នាំ ២០០០ គឺស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភព លោកទើបឈានចូលសហស្សវត្សរ៍ថ្មី។ ការបង្កើតសមាគមនេះឡើង គឺស្ថិតក្នុងបរិបទដែលកម្ពុជាទើបតែទទួលបាន សន្តិភាពពេញលេញ និងឯកភាពជាតិទាំងស្រុង ក្រោមនយោបាយឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ក្រោមមគ្គុទេសក៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ លោកជំទាវបានបន្តទៀតថា សមិទ្ធផលរយៈពេល២៥ឆ្នាំ អាចសម្រេចបានដោយសារតែ សមាគមបានដាក់ចេញផែនការយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវ និងបានដាក់ចេញនូវសសរស្តម្ភចំនួន ៤ រួមមាន ៖ ទី១ ពង្រឹងសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្ត្រី ទី២ ផ្តោតលើការវិនិយោគលើយុវជន ទី៣ ផ្តោតលើមនុស្សចាស់សកម្ម និងទី៤ ផ្តោតលើការបែប្រួលអាកាសធាតុ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានជំនឿថា តាមរយៈពិធីផ្សព្វផ្សាយសៀវភៅស្តីពី សកម្មភាពការងាររយៈពេល ២៥ឆ្នាំ របស់សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និង ការ អភិវឌ្ឍ នឹងបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើ ជំរុញអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសម្រេចនូវរបៀបវារៈអន្តរ ជាតិ ជាពិសេសកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងការអភិវឌ្ឍ និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ និងទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិដែលពាក់ព័ន្ធ សូមបន្តចូលរួមជាមួយសភាកម្ពុជា និងជាមួយសមាគមសមាជិក សភាកម្ពុជា ដើម្បីប្រជារាស្រ្ត និងការអភិវឌ្ឍ ដើម្បីបន្តរួមចំណែកធ្វើឱ្យសម្រេចទស្សនវិស័យរបស់យើង គឺការលើកកម្ពស់សមភាពយេនឌ័រ ផ្តល់ភាពអង់អាចដល់ស្ត្រីនិងយុវជន កាត់បន្ថយភាពក្រីក្រ លើកស្ទួយកម្រិតជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែង និងការគាំទ្ររបស់លោកជំទាវ ឯកឧត្តម ដែលបានរួម ចំណែកបម្រើឱ្យគោលនយោបាយប្រជាជន និងការអភិវឌ្ឍក៏ដូចជា ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ ក្រោមជាតិ ដែលបានរួម សហការ ជាមួយសមាគមរហូតសម្រេចបានលទ្ធផលជាទីមោទនៈ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច