ភ្នំពេញ:នារីបម្រើខារ៉ាអូខេម្នាក់បានគាំងបេះដូងស្លាប់ក្រោយពីនាងរួមភេទជាមួយបុរសម្នាក់ នៅក្នុងសណ្ឋានគារមេគង្គហេង មហាផល ហើយត្រូវបានបុរសជាសង្សារដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់មុនពេលដឹកមកមន្ទីរពេទ្យបាត់ទៅហើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងសណ្ឋានគារមេគង្គហេង មហាផល ស្ថិតនៅក្នុងភូមិ៣ ផ្លូវកែវចិន្តា សង្កាត់-ខណ្ឌជ្រោយចង្វា ។
សមតិច្ចប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទុំ គឹម ហ៊ី អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានមុខរបរបុគ្គលិកខារ៉ាអូខេយីហោ៧២ មានទីតាំងនៅផ្លូវលេខ២៧១ ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកបុរសជាសង្សារត្រូវបានគេស្គាល់ឈ្មោះគង់ រិទ្ធ អាយុ៤៣ឆ្នាំ ។
ប្រភពបានឲ្យដឹងថា នារីរងគ្រោះ និងសង្សារខាងលើត្រូវគេដឹងថា មានទំនាក់ទំនងស្នេហានឹងគ្នាបាន៥ខែមកហើយ មុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងពិធីផឹកស៊ីជួបជុំមិត្តភក្តិខាងបុរស នៅម្តុំបឹងត្របែក ។ បន្ទាប់ពីផឹកស៊ីរួច ពួកគេទាំង២នាក់ ទៅដេកនៅក្នុងសណ្ឋាគារខាងលើ ។
ប្រភពពត៌មានពីសន្តិសុខយាមនៅសណ្ឋាគារបានឲ្យដឹងថា មុនពេលកើតម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ឃើញមានមនុស្សប្រុស-ស្រីពីរនាក់បើករថយន្តមួយគ្រឿងមកជួលបន្ទប់លេខ១០៥ ដើម្បីស្នាក់នៅ ក្រោយពេលចូលស្នាក់នៅរហូតដល់ម៉ោង៥ទៀបភ្លឺ ស្រាប់តែឃើញបុរសម្នាក់ បានបីនារីជាសង្សារចុះមកក្រោម ហើយហៅខ្លួន(សន្តិសុខ)ឲ្យជួយលើកនារីរងគ្រោះដាក់លើរថយន្ត ដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បើតាមសម្តីរបស់សមត្ថកិច្ច និងពេទ្យធ្វើកោសល្យវិច័យ បានឲ្យដឹងថា នារីរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យរួច នឹងប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ