ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភបានសម្រេចរហូតមានផ្ទៃពោះ៥ខែ ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ផឹកស្រាស្រវឹងធ្វើសកម្មភាពចាប់នារីមានសតិមិនគ្រប់គ្រាន់រំលោភសេពសន្ថវៈបាននសម្រេច១លើក រហូតនាងមានផ្ទៃពោះ៥ខែ ទើបឪពុកម្តាយនារីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។ ករណីរំលោភបានសម្រេចមួយលើកនេះកើតឡើង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះឪពុកម្តាយនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ោក ទុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិត្រពាំង ឃុំប្រាំបីមុំ ស្រុកទ្រាំងខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរក្រុងតាខ្មៅ ។ ចំណែកឯនារីរងគ្រោះជាមនុស្សមានសតិមិនគ្រប់គ្រាន់ អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិ/សង្កាត់កើតហេតុខាងលើនេះ បច្ចុប្បន្នមានផ្ទះពោះ៥ខែ ។

ប្រភពដដែលបានបន្តថា កាលវេលាយប់អំឡុងខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យមានសភាពស្រវឹងស្រាជោកជាំបានចូលទៅសុំដេកនៅផ្ទះនារីរងគ្រោះមួយយប់ ខណៈដែលបងប្អូនបិតទ្វារបន្ទប់ជួល ។ នៅយប់នោះជនសង្ស័យបានធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភរហូតបានសម្រេចមួយលើក ។

សកម្មភាពនេះត្រូវបានបុរសជាឪពុកនារីរងគ្រោះដឹងដែរ តែមិនបានប្តឹងផ្តល់នោះទេ ដោយនឹកឃើញថាសុទ្ធជាមនុស្សស្គាល់គ្នា ម្យ៉ាងទៀតកូនស្រីរបស់ខ្លួនជាមនុស្សមានសតិមិនគ្រប់គ្រាន់ ។ រហូតនារីរងគ្រោះមានផ្ទៃពោះ៥ខែ ទើបបុរសជាឪពុកសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះរំលោភកាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ ប្រាកដមែន ៕ ស្អាងជ័យ

 


ចែករំលែក៖