ខេត្តកំពង់ធំ៖ កាលពីយប់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ មានករណីការប្រើអំពើហិង្សាដោយចេតនា ដោយសារក្មេងទំនើង១ក្រុម យកដាវសាំមូរ៉ៃ ដេញកាប់គ្នាធ្វើឲ្យក្មេង២នាក់ រងរបួសក្បាល និងដងខ្លួន នៅចំណុចមុខហាងលក់ម៉ូតូ ជួប កៅ ក្នុងភូមិកំពង់ធំ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ អាន សៀងហាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រមទាំងដកហូតវត្ថុតាងមានដាវសាំមូរ៉ៃ២ដើម ចំណែកបក្ខពួក បានរត់គេចខ្លួនបាត់ ។ ឯជនរងគ្រោះមានទី១ ឈ្មោះ លីពុទ្ធី ភេទប្រុស ទី ២ ឈ្មោះ អែម បញ្ញា ភេទប្រុស ទាំង២នាក់រស់នៅភូមិ ឃុំខាងលើ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្រក្នុងខេត្តកំពង់ធំ ។
លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានប្រាប់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ និងកំពុងតែស្រាវជ្រាវរកចាប់បក្ខពួកបន្តទៀត ៕ ប៊ុន រិទ្ធី