ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មអនុញ្ញាតឱ្យលោកស្រី Lourdes N. Pagaran ជួបពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាតឱ្យលោកស្រី Lourdes N. Pagaran មន្រ្តីវាយ តម្លៃជាន់ខ្ពស់សម្រាប់កម្មវិធីគ្រប់គ្រងសេដ្ឋកិច្ចនៃក្រុមវាយតម្លៃឯករាជ្យរបស់ ធនាគារពិភពលោកចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធទៅនឹងស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាម ជនបទ ជាពិសេសកសិករដែលមានចំណូល ទាប។

ធនាគារពិភពលោកបានចាត់បញ្ជូនក្រុមវាយតម្លៃឯករាជ្យមកពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាលកម្ពុជាចាប់ ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ដើម្បីវាយ តម្លៃការគាំទ្រក្រុមធនាគារពិភពលោក សម្រាប់វិបុលភាពនៃការចែករំលែកដោយផ្តោតសំខាន់លើ ១- វិស័យកសិកម្ម/ជន បទ អប់រំសុខាភិបាល ការការពារសង្គម និងថាមពល ២-គោល នយោបាយរួមមាន គោលនយោបាយសារពើពន្ធនិងអន្តរាគមន៍ទីផ្សារពលកម្មនិង៣-ការងារចម្រុះវិស័យ (យេនឌ័រ)។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា តាមរយៈការវាយតម្លៃរបស់ធនាគារពិភពលោកកន្លងមកបានបង្ហាញថាគិតចាប់ពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្នអត្រានៃភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពី៤០ភាគរយ មកត្រឹម១៣ភាគរយនៃប្រជាជនសរុបដែលបង្ហាញពីផលវិជ្ជមាននៃការអភិវឌ្ឍសេដ្ឋ កិច្ចរបស់កម្ពុជា។ ដោយឡែកកម្ពុជាក៏នៅជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធការធ្លាក់ចុះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម និងអត្រានៃចំណូលរបស់ប្រជាកសិករខ្នាតតូចមួយចំនួននៅមិនទាន់ឆ្លើយតបទៅនឹង កំណើនសេដ្ឋកិច្ចនៅឡើយទេ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្មក៏បានស្នើឱ្យធនាគារពិភពលោកជួយគាំទ្រដល់ការវិភាគនៅស្ថានភាពសេដ្ឋកិច្ច កសិកម្ម ដើម្បីស្វែងរកលទ្ធភាពជួយគាំទ្រដល់កសិករខ្នាតតូចនិងមធ្យមក្នុងទិសដៅជំរុញ ឱ្យជីវភាពពួកគាត់មានភាពប្រសើរឡើង ហើយអាចឆ្លើយតបទៅនឹងការវិវឌ្ឍសេដ្ឋ កិច្ចជាតិ។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្តទៀតថា ការលើកកម្ពស់កម្រិតជីវភាពកសិករខ្នាតតូច និងមធ្យមជាមូលដ្ឋានសំខាន់ ក្នុងការជំរុញកំណើនវិស័យកសិកម្មនៅ កម្ពុជានិងកាត់បន្ថយអត្រាអ្នកចំណាក ស្រុក។

ឆ្លើយតបទៅនឹងសំណូមពររបស់លោក រដ្ឋមន្រ្តី លោកស្រី Lourdes N. Pagaran បានបញ្ជាក់ថា តំណាងធនាគារពិភពលោកមានគម្រោងនឹងចុះមកពិគ្រោះយោបល់ជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅក្នុងអំឡុងខែវិច្ជិកាខាងមុខ ដើម្បីពិនិត្យនិងពិភាក្សាពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមជនបទ ជាពិសេសកសិករសំដៅកាត់បន្ថយ អត្រាភាពក្រីក្រនៅកម្ពុជាឱ្យនៅកម្រិត អប្បបរមា៕ ហេង សូរិយា

ase-6 ase-4


ចែករំលែក៖