ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ មានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពក្នុងទិវាមច្ឆជាតិ ១កក្កដា នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី​បណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងទិវាមច្ឆជាតិ ១កក្កដា នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈដែលមច្ឆាជាតិគឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆាជាតិជាប្រភពផ្ដល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបានជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ។

-សម្ដេចធិបតី ថ្លែងថា​ នៅឆ្នាំ២០២៦នេះ កម្ពុជាបានចរចាធ្វើការបើកផ្លូវដឹកជញ្ចូនទំនិញតាមផ្លូវគោកជាលើកដំបូងទៅប្រទេសចិនតាមរយៈច្រកប្រទេសឡាវ ខណៈកាលពីមុនកម្ពុជាដឹកជញ្ជូនទំទិញទៅទីផ្សារប្រទេសចិនតាមរយៈផ្លូវទឹកប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវកម្ពុជាអាចដឹកកសិផលទៅតាមផ្លូវគោកឡើងទៅប្រទេសចិនតែម្ដង ដូច្នេះការធានាការដឹកការសិផលកម្ពុជាពិសេសនៅតំបន់ភាគខាងជើងកម្ពុជាគឺអាចតភ្ជាប់តាមរយៈផ្លូវគោកនេះតែម្ដង។

– សម្ដេចធិបតី ថ្លែងថា​ ក្នុងរយៈពេលពីរឆ្នាំមកនេះ សម្ដេចបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា ខណៈដែលការងារជលផលមានទំហំធំ ហើយការនេសាទខុសច្បាប់ក៏មានច្រើនជាពិសេសការនេសាទខុសច្បាប់ ជាពិសេសការឆក់ក្ដៅ ឆក់ត្រជាក់ជាដើម។

– សម្ដេចធិបតី ថ្លែង​បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលទៅបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ទៅឆក់ត្រី ហើយចាំទិញបន្តពីពលរដ្ឋ។ ខណៈសម្ដេចលើកឡើងថាកាលពីមុនមានអ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដី ប៉ុន្ដែឥឡូវមានអ្នកបំផុសឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយនៅពេលឆក់បានគេទិញហើយពលរដ្ឋជាអ្នកប្រឈមផ្លូវច្បាប់ពេលអាជ្ញាធរចាប់បាន។ ដូច្នេះត្រូវស្វែងរកចាប់មេខ្យល់បំផុសបំផុលនេះឱ្យបានកុំឱ្យរួចខ្លួន។

– សម្ដេចធិបតី ថ្លែងថា​ ក្នុងរយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង ប៉ុន្ដែក្នុងនោះក៏មានបញ្ហាមួយដែរ គឺតម្លៃត្រីចុះថោក។

– សម្ដេចធិបតី ថ្លែងថា​ ប្រជានេសាទ គាត់ថា ត្រីកើនឡើងច្រើន តែតម្លៃត្រីចុះថោក! បើសិនជាត្រីកើនឡើងហើយតម្លៃកើនឡើងដែរនោះ គឺកាន់តែល្អហើយ។ តែអត់បានអីចឹងទេ អ្វីក៏ដោយឱ្យតែសម្បូរនឹងចុះថ្លៃហើយ ប៉ុន្ដែចែកគ្នារស់ទៅ។ «ខ្ញុំថា ស៊ូបានត្រីច្រើនហើយចែកគ្នារស់ចុះ ជៀសជាងអត់ត្រីហើយត្រីឡើងថ្លៃ។ អីចឹងសូមឱ្យមានការយោគយល់ និងកុំទៅលួចឆក់ត្រីនៅក្នុងរដូវបិទឡូត៍នេសាទ។ 

  សម្ដេចធិបតី ថ្លែងថា​ ការអភិរក្សវិស័យជលផលនេះ មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់ ជាពិសេសសហគមន៍ និងប្រជានេសាទផ្ទាល់ ដើម្បីថែរក្សា និងអភិរក្សធនធានជលផលកម្ពុជាឱ្យមានកំណើនផលត្រីច្រើនសម្រាប់ទាំងអស់គ្នា។ 

– សម្ដេចធិបតី ថ្លែង​ណែនាំឱ្យរករូបមន្តណាមួយដែលថ្ងៃក្រោយអាចបង្កើនសមត្ថភាពមូលដ្ឋាន សមត្ថភាពមន្រ្ដីជំនាញសម្រាប់គ្រប់គ្រងវិស័យជលផលនេះ ជៀសជាងយកកងទ័ពទៅឱ្យអនុវត្តលើវិស័យជលផលនេះ ពីព្រោះកងទ័ពមានភារកិច្ចច្រើនដែលត្រូវធ្វើ។

នាឱកាសនោះដែរ​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ ក៏បានឱ្យដឹងថា​ ឆ្នាំ២០២៥  ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។ ការកើនឡើងនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ប្រជាពលរដ្ឋមានការអបអរសាទរនិងសប្បាយរីករាយចំពោះផលនេសាទដែលទទួលបាន ក្នុងនោះប្រជានេសាទបង់សំណាញ់ ដាក់មង និងថ្នងដងត្រី ទទួលបានផលត្រីច្រើនហួសពីការប្រមាណ។ ជាងនេះទៀត ប្រភេទត្រីកម្រមួយចំនួន ដូចជាត្រីត្រសក់ ត្រីក្បក ចាប់ផ្តើមមានវត្តមានឡើងវិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ បានបញ្ជាក់ថា​ ឆ្នាំ២០២៥ កូនផ្សោតកើតបាន ៨ក្បាល ដោយពុំមានស្លាប់ទេ និងក្នុងដើមឆ្នាំ២០២៦នេះ កូនផ្សោតកើតបាន៦ក្បាលថែមទៀត នាំឱ្យសត្វផ្សោតសរុបកើនដល់១១៧ក្បាល។ ទន្ទឹមនេះកន្លែងការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គនិងតំបន់គ្រប់គ្រងជលផលមួយចំនួន ក៏ត្រូវបានចុះបញ្ជីជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ។

រដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានបន្តថា​ បច្ចុប្បន្ន ជ្រូកទឹកមានវត្តមានច្រើនឡើងវិញបន្ទាប់ពីបាត់ខ្លួនជាង ១០ឆ្នាំកន្លងមក ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងប្រមាណជាង ១០០ក្បាលផងដែរ ដែលតែងតែមានវត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកំពតនិងកែប។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ទៀត​ថា​ ការអភិវឌ្ឍលើការកែច្នៃផលជលផលនៅកម្ពុជាបានធ្វើឡើងមួយចំនួន ដូចជាត្រីងៀត ផ្អក ប្រហុក ទឹកត្រី ពិសេសប្រហុកម្សៅ  ប្រកបដោយស្តង់ដារមានគុណភាពនិងសុវត្ថិភាព និងបានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមានទឹកត្រីកំពត កែប បង្កងតាកែវ និងប្រហុកសៀមរាប ព្រមទាំងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន រួមមាន អូស្រ្តាលី ណូវែលសេឡង់ ចិន កូរ៉េ សហរដ្ឋអាមរិក៕ដោយ​៖តារា​


ចែករំលែក៖