ខេត្តរតនគិរី៖ ដោយសារតែមួយរយ:កាលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពចរាចរណ៍ ដឹកជញ្ជូនរបស់មេឈ្មួញធំ ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តសេរីទំនើបៗ ឯមេឈ្មួញខ្លះ ដែលអាចប្រើទ្រុង់ទ្រាយធំៗឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម នាកន្លងមកនោះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងចុះស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានជាបន្តបន្ទាប់ ឃើញថា ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ ទាំងនៅក្នុងខេត្ត និងតាមបណ្តាយផ្លូវជាតិលេខ៧៨ ច្រកព្រំដែនអូរយ៉ាដាវផងដែរ ។
ប៉ុន្តែដោយឡែក ពេលនេះ ក្រុមឈ្មួញខ្លះ បានផ្លាស់ប្តូររូបភាពពីការដឹកជញ្ជូនតាមរថយន្តមកដឹកជញ្ជូនតាមម៉ូតូវិញធ្វើសកម្មភាពនៅឃុំញ៉ាងស្រកអណ្តូងមាស ដែលជាតំបន់មួយនៅឆ្ងាយដាច់ស្រយាល់ពីទីរួមខេត្ត ដែលសមត្ថកិច្ចពិបាកនឹងទៅដល់ណាស់ ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំញ៉ាង បានឲ្យដឹងថា មានមេឈ្មួញដែលមានឈ្មោះ ស្នាក់ ឈ្មោះ ក្អ ជាដើម ដែលក្រុមរបស់ពួកគេនេះ បានជួលម៉ូតូឲ្យដឹកក្នុងតម្លៃ១ជើងពី៦ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ហើយមួយក្រុមមានម៉ូតូចាប់ពី១០គ្រឿងឡើងទៅ ។ ដើម្បីដឹកជញ្ជូនយកទៅលក់ឲ្យមេឈ្មួញវៀតណាមឈ្មោះ យាយគឺ នឹងឈ្មោះ គី នៅច្រករបៀងប៉ុស្តិ៍ អូសាថីលេខ៧០៥ ហៅប៉ុស្ថ៍ផាតាម នឹងប៉ុស្តិ៍ពាមអូសាថី លេខ៧០៧ ហៅប៉ុស្តិ៍ផាសាវ ។
ប្រភពបានបន្តឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃពួកគាត់សង្កេតឃើញថា មានម៉ូតូដឹកឈើប្រណិត ដូចជាឈើធ្នង់ កកោះ សុក្រំជាដើម មិនតិចជា១០០ទៅ១៥០ម៉ូតូឯណោះ ។
ពួកគាត់បានលើកឡើងទៀតថា ក្រុមឈ្មួញនឹងសមត្ថកិច្ចនៅតំបន់នោះជាពិសេស សមត្ថកិច្ចច្រករបៀងខាងលើនេះ បានសហការគ្នាយ៉ាងល្អ ជាមួយក្រុមឈ្មួញព្រោះថា បើមានមនុស្សចម្លែក ឬគួរឲ្យសង្ស័យ សមត្ថកិច្ចទាំងនោះ បានឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកតាមព្រៃ ឬចំការស្វាយចន្ទី នឹងចំការកៅស៊ូជាដើម ដើម្បីកុំឲ្យគេឃើញសកម្មភាពរបស់ខ្លួន ៕ វុទ្ធឦសាន