ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួប និងស្តាប់សំណូមពរប្រជាពលរដ្ឋ ដែលអញ្ជើញមកពីសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា ពួកគាត់បានសម្រេច ចួលធ្វើជាចំណុះទូកងរ របស់វត្តវាលស្បូវ ដែលស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា “វាលស្បូវសែនជ័យ” ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ។
សម្តេចភក្តី បានស្វាគមន៍ និងអបអរសាទរ ចំពោះបំណងដ៏ល្អនេះ។ សម្តេចនឹងជួយឧបត្ថម្ភគាំទ្រ ចំណុះទូក “វាលស្បូវសែនជ័យ” នេះ ទាំងស្មារតី និងសម្ភារៈ សម្រាប់រយៈពេលហ្វឹកហាត់ និងរយៈពេលអុំប្រណាំងជាផ្លូវការ៣ថ្ងៃ នៅមុខព្រះបរមរាជវាំង ។
ពិធីនេះបានប្រព្រឹត្តទៅ ក្នុងបរិយាកាសរីករាយ និងសាមគ្គីជិតស្និទបំផុត ៕