ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន។

ការថ្លែងបែបនេះ​របស់​សម្ដេចធិបតី​ នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វិញ្ញាណក្ខន្ធ លោក គ្រីស្យង់ ដេប៉ាលីយែរ ស្ថាបនិកនៃអង្គការ និងសូមសម្តែងនូវការដឹងគុណជូនចំពោះសហស្ថាបនិក គឺលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ដែលអ្នកទាំងពីរបានចាប់ផ្ដើមបេសកកម្មមនុស្សធម៌នៅកម្ពុជាតាមរយៈការបង្កើតអង្គការ PSEនេះ ពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងបីទសវត្សរ៍កន្លងទៅនេះ៕ដោយ​៖តារា​


ចែករំលែក៖