ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ធុជ៖ ជំរុញឱ្យអង្គការ Handicap International ផ្តល់សេវាសង្គ្រោះ និងស្តារលទ្ធភាពជនរងគ្រោះដោយសារមីនឱ្យកាន់តែមានប្រសិទ្ធភាព

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក លី ធុជ បានជំរុញឱ្យមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ត្រូវចូលរួមផ្តល់សេវាសង្គ្រោះនិងស្តារលទ្ធភាពជនរងគ្រោះដោយសារមីន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជំរុញបែបនេះ ខណៈដែលលោកអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ Handicap International (Humanity & Inclusion-HI)  កាលពីថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ២០២៦ ។

ដំណើរទស្សនកិច្ចនេះមានការចូលរួមពីលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លោក Rajib Dakua នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (HI) ព្រមទាំងតំណាងមូលនិធិជនពិការ។

ទស្សនកិច្ចនេះធ្វើឡើងក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការ ពិនិត្យវាយតម្លៃវឌ្ឍនភាពការងារ ស្វែងរកឱកាសដោះស្រាយបញ្ហាប្រឈម និងជំរុញការលើកកម្ពស់ការផ្តល់សេវាសង្គ្រោះនិងស្តារលទ្ធភាពដល់ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាពនិងគ្របដណ្តប់កាន់តែទូលំទូលាយ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃមជ្ឈមណ្ឌល ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

លោកទេសរដ្ឋមន្ត្រីក៏បានអរគុណចំពោះអង្គការHI ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់វិស័យសកម្មភាពមីន និងការស្តារលទ្ធភាពពលកម្មកាយសម្បទា ក៏ដូចជាដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រផ្នែកចិត្តសង្គមដល់ជនមានពិការភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុងខេត្តកំពង់ចាមនិងបណ្តាខេត្តជុំវិញ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាព និងបរិយាបន្នសង្គមសម្រាប់ជនមានពិការភាព ស្របតាមចក្ខុវិស័យនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រីកការទទួលបានសេវាប្រកបដោយគុណភាព និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋដែលត្រូវការជំនួយ៕

ដោយ៖ សំរិត


ចែករំលែក៖