សារព័ត៌មានចិន Xinhua នាថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងការធ្វើបច្ចុបន្នភាព គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឱ្យដឹងថា អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់។
អ្នកជំងឺអេបូឡា ១៩២នាក់បានជាសះស្បើយ ខណៈដែល ៦០៩នាក់កំពុងទទួលការព្យាបាល។ ការរាលដាលជំងឺ នៅតែប្រមូលផ្តុំក្នុងបណ្តាខេត្តភាគខាងកើត ដូចជា Ituri, North Kivu និង South Kivu ជាទីដែលប្រតិបត្តិការឃ្លាំមើល ថែទាំសុខភាព និងការឆ្លើយតបកំពុងបន្ត។
តាមរដ្ឋាភិបាលកុងហ្គោ សមត្ថភាពឆ្លើយតបកំពុងត្រូវបានពង្រឹង តាមរយៈការដាក់ពង្រាយយានជំនិះ និងរថយន្តសង្គ្រោះបន្ទាន់ ការផ្គត់ផ្គង់ថ្នាំពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន ក៏ដូចជាការពង្រឹងកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនង និងសកម្មភាពក្នុងសហគមន៍។
កុងហ្គោ បានប្រកាសពីផ្ទុះឡើងនៃជំងឺអេបូឡា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦។ អាជ្ញាធរសុខាភិបាល និងដៃគូអន្តរជាតិ បានព្រមានម្តងហើយម្តងទៀត ថាបញ្ហាអសន្តិសុខ ការចល័តរបស់ប្រជាជន សម្ពាធលើមណ្ឌលសុខភាព និងការតាមដានទំនាក់ទំនងមិនពេញលេញ បន្តធ្វើឱ្យស្មុគស្មាញដល់ការងារឆ្លើយតប៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច