ព័ត៌មានទាន់ហេតុការណ៍៖

ទើបមកទិញតុនិងពូកពីប៉ោយប៉ែតបម្រុងដឹកទៅផ្ទះ ស្រាប់តែជួបគ្រោះអកុសលក្រឡាប់រថយន្តសង្កត់ស្លាប់អ្នកបើកបរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីឆ្លាមដឹកពូកនិងកៅអីបើកលឿនធ្លាក់ផ្លូវ បណ្តាលឱ្យស្លាប់អ្នកបើកបរម្នាក់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ។

មន្ត្រីនគរបាលចរាចរស្រុកអូរជ្រៅបានប្រាប់ថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខកំពង់ចាម 2C-7217 ដឹកកៅអី និងពូក បានបើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនបានរេចង្កូតធ្លាក់ផ្លូវទៅបុកដុំថ្មចិញ្ចើមផ្លូវបណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

មន្ត្រីនគរបាលជំនាញបញ្ជាក់ថា ក្រោយពិនិត្យវាស់វែង គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យស្លាប់ម្នាក់និងខូចខាតរថយន្តធ្ងន់ធ្ងរ គឺអ្នកបើកបររថយន្តមកពីទិញតុនិងពូកនៅក្រុងប៉ោយប៉ែត ក្នុងគោលបំណងដឹកទៅស្រុកបវេល ខេត្តបាត់ដំបង ស្រាប់តែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បើកឡានធ្លាក់ផ្លូវបណ្តាលក្រឡាប់សង្កត់ស្លាប់នៅនឹងកន្លែង ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ តែត្រូវបានគេដឹងថាជាអ្នកស្រុកបវេល។

មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងហើយសាកសពជនរងគ្រោះបានដឹកយកទៅទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។ ដោយឡែករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាជ័យ ៕


ចែករំលែក៖