ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកសំរោងទង ឃាត់ខ្លួនកូនប្រុសម្នាក់ក្រោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមដល់ជីវិតឪពុកទៀត 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំរោងទងឃាត់ខ្លួន តាមបណ្តឹងឪពុកបង្កើត ក្រោយពីបុរសជាកូនរូបនោះ ស្រវឹងជោគជាំ ហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះមិនត្រឹមតែប៉ុណ្ណោះថែមទាំងគំរាមសម្លាប់លោកមានគុណថែមទៀតផង។ ដោយទ្រាំនូវទង្វើរបស់កូនប្រុសលែងបាន ឪពុកក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យនគរបាលជួយអន្តរាគមន៍ ឃាត់ខ្លួនតែម្តង ។

សមត្ថកិច្ចស្រុកសំរោងទងបាន ឱ្យដឹងថថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យដៃដល់ជាកូនប្រុសខាងលើ គឺនៅវេលាម៉ោង ០២:០០នាទី(យប់) ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មាន ឈ្មោះ កែ ឃុន ភេទប្រុស អាយុ៨៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរលាំងចក ទៅលើកូនប្រុសបង្កើត ឈ្មោះ កែ រស្មី អាយុ៣៧ឆ្នាំ រស់នៅជាមួយឪពុក-ម្តាយ ។ តាមការរៀបរាប់របស់ឪពុកថា នៅវេលាម៉ោង០៦និង១០នាទី ព្រលប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ រូបគាត់ជាឪពុកបានរៀបចំពិធីសូត្រមន្តនៅផ្ទះ ស្រាប់តែ ឈ្មោះ កែ រស្មី (ជាកូន) បាននិយាយរករឿងឈ្លោះជាមួយលោកឪពុក- ម្តាយ ហើយកូនប្រុសបាន ទៅយកដំបងឬស្សី ដេញវាយរូបគាត់ជាឪពុក ប៉ុន្តែមិនត្រូវ គាត់រត់ទាន់។ មិនតែប៉ុណ្ណោះកូនប្រុសបានវាយបំផ្លិតបំផ្លាញសម្ភារៈក្នុងផ្ទះ រងការខូចខាតជាច្រើន និងថែមទាំងគំរាមសម្លាប់រូបលោកជាឪពុកទៀតផង ។ ក្រោយមកក្រុមគ្រួសារបានឃាត់ខ្លួន ឈ្មោះ រស្មីប្រគល់ឱ្យសមត្តកិច្ចតែម្តង។

សមត្ថកិច្ច បានបន្តឱ្យដឹងទៀតថា ពេលឃាត់ខ្លួនសួរនាំ បុរសជាកូនបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយបំផ្លិចបំផ្លាញសម្ភារៈនិងគំរាមសម្លាប់ឪពុកពិតប្រាកដមែន ដោយមូលហេតុដែលរូបគេធ្វើបែបនេះលើលោកមានគុណ មកពីខ្លួនផឹកស្រាស្រវឹង។

បច្ចុប្បន្ន ជនសង្ស័យដៃដល់ជាកូន រួមជាមួយនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែក៖