ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហ្សង់ហ្វ្រង់ស័រ តាន់៖ ក្នុងរយៈពេល៦ខែមកនេះ បេសកកម្មការទូតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តោតលើការការពារអធិបតេយ្យភាពជាតិ ពង្រីកមិត្តភាពអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងវេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ថា រាល់សកម្មភាពការទូតរបស់កម្ពុជា ក្នុងរយៈពេល៦ខែកន្លងមកនេះ គឺផ្តោតលើគោលដៅតែមួយ គឺការការពារផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងមិត្តភាពជាមួយបណ្តាប្រទេសជាដៃគូ និងការគោរពច្បាប់អន្តរជាតិ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារសង្គ្រាម ការប្រកួតប្រជែងរវាងមហាអំណាច វិបត្តិសេដ្ឋកិច្ច ថាមពល ស្បៀង និងការប្រែប្រួលអាកាសធាតុនោះ កម្ពុជា នៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ អធិបតេយ្យ តុល្យភាព បើកចំហ និងសន្តិភាព ដោយជ្រើសរើសការសន្ទនា និងការគោរពច្បាប់អន្តរជាតិ ជាជាងការប្រឈមមុខ។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបន្តថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចការទូតនៅបណ្តាប្រទេសសំខាន់ៗជាច្រើន រួមមាន សហរដ្ឋអាមេរិក ស្វីស បែលហ្សិក បារាំង ហ្វីលីពីន វៀតណាម និងរុស្ស៊ី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងផ្សព្វផ្សាយជំហររបស់កម្ពុជា លើបញ្ហាតំបន់ និងអន្តរជាតិ។ នេះបានបង្ហាញថា ការទូតរបស់កម្ពុជា មានវត្តមានយ៉ាងសកម្មនៅគ្រប់តំបន់សំខាន់ៗនៃពិភពលោក។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងប្រមុខរដ្ឋសំខាន់ៗជាច្រើន រួមមាន លោក To Lam, លោក Donald Trump, លោក Emmanuel Macron, លោក Anutin, លោក Le Minh Hung និងលោក Vladimir Putin ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរបស់កម្ពុជា ជាមួយមហាអំណាច និងដៃគូសំខាន់ៗនៅលើពិភពលោក។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា អាទិភាពចម្បងរបស់ការទូតកម្ពុជា គឺការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ លោកបានអះអាងថា រាល់ជំនួបរវាងសម្ដេចមហាបវរធិបតី ជាមួយប្រមុខរដ្ឋ និងឥស្សរជនជាន់ខ្ពស់បរទេស សម្ដេចតែងលើកឡើងអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនទទួលស្គាល់ការកែប្រែបន្ទាត់ព្រំដែនដោយខុសច្បាប់អន្តរជាតិឡើយ ហើយនៅតែប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។

ចំពោះបញ្ហាព្រំដែនសមុទ្រ លោកបានឲ្យដឹងថា កម្ពុជាបានជ្រើសរើសប្រើប្រាស់យន្តការផ្សះផ្សាជាកាតព្វកិច្ច ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ក្រៅពីការការពារអធិបតេយ្យភាព កម្ពុជា បានបន្តអនុវត្តគោលនយោបាយពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងធ្វើពិពិធកម្មដៃគូជាមួយបណ្តាប្រទេសនានា ដូចជា សហរដ្ឋអាមេរិក បណ្តាប្រទេសអឺរ៉ុប តួកគី លីទុយអានី អាស៊ែបៃហ្សង់ និងចក្រភពអង់គ្លេស ដើម្បីពង្រីកលំហយុទ្ធសាស្ត្រ និងពង្រឹងឯករាជ្យភាពរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ការទូតសេដ្ឋកិច្ចត្រូវបានចាត់ទុកជាអាទិភាពសំខាន់មួយ ដោយផ្តោតលើការទាក់ទាញវិនិយោគ បង្កើតការងារ ផ្ទេរបច្ចេកវិទ្យា ពង្រីកទីផ្សារនាំចេញ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ អង្គការហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ការការពារអធិបតេយ្យភាពជាតិ មិនមែនជាបន្ទុករបស់កងទ័ពតែមួយមុខនោះទេ ប៉ុន្តែជាបេសកកម្មរួម ដែលត្រូវការកម្លាំងពីការទូត សេដ្ឋកិច្ច និងមិត្តភាពអន្តរជាតិ។ ទន្ទឹមនឹងនេះ ការធ្វើពិពិធកម្មដៃគូ គឺជាមធ្យោបាយពង្រឹងឯករាជ្យភាព និងពង្រីកលំហយុទ្ធសាស្ត្ររបស់កម្ពុជា ខណៈការទូតសេដ្ឋកិច្ច មានគោលដៅផ្ទាល់ក្នុងការបង្កើតការងារ ទាក់ទាញវិនិយោគ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បន្តថា ក្នុងរយៈពេល៦ខែកន្លងមកនេះ ការទូតរបស់កម្ពុជា បានបន្តការពារអធិបតេយ្យភាពជាតិ ពង្រីកមិត្តភាពជាមួយពិភពលោក និងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍប្រទេស។ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តខិតខំការពារផលប្រយោជន៍ជាតិ ពង្រឹងសន្តិភាព លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបង្កើនកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

ដោយ៖តារា


ចែករំលែក៖