ព្យុះត្រពិក ម៉ៃសាក់ (Maysak) ដែលកម្ពុជាដាក់ឈ្មោះឱ្យតាមដើមឈើមួយប្រភេទ កំពុងបក់បោកក្នុងសមុទ្រខាងត្បូងនៅក្បែរតំបន់ភាគកណ្ដាលវៀតណាម និងកោះហៃណាន់របស់ចិន ហើយធ្វើឱ្យកម្ពុជាមានធាតុអាកាសអួរអាប់ និងភ្លៀងធ្លាក់តាមតំបន់មួយចំនួន ទូទាំងប្រទេស នៅថ្ងៃសុក្រទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ។
គិតត្រឹមម៉ោង ១០ ព្រឹកនេះ ព្យុះត្រូពិក ម៉ៃសាក់ ដែលជះឥទ្ធិពលលើខ្យល់មូសុងនិរតី មានកម្លាំងខ្យល់បក់បោកថេរ ៦៥ គីឡូម៉ែត្រម៉ោង ហើយផ្ចិតរបស់វាស្ថិតនៅចម្ងាយប្រមាណជាង ៤០០ គីឡូម៉ែត្រ ភាគឦសាននៃតំបន់កន្ទុយនាគរបស់កម្ពុជា។
រូបភាពពីលើផ្កាយរណបជប៉ុន Himawari បានបង្ហាញថា ពពកជួរទឹកភ្លៀងដ៏ខ្មួលខ្មាញ់របស់ព្យុះត្រូពិក ម៉ៃសាក់ បានអូសបន្លាយរាប់ពាន់គីឡូម៉ែត្រទូទាំងតំបន់អាស៊ីអាគ្នេយ៍ដីគោក និងសមុទ្រចិនខាងត្បូង។ តំបន់ភាគកណ្ដាលវៀតណាម ភាគខាងត្បូងឡាវ និងកោះហៃណាន់ កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ជាងគេ ដោយអាជ្ញាធរក្នុងតំបន់បានព្រមានពីភ្លៀងធ្លាក់ខ្លាំងជោគជាំ ដែលអាចបង្កជំនន់ភ្លាមៗ និងការរអិលបាក់ដីតាមតំបន់ភ្នំជាដើម។
ដោយឡែកនៅកម្ពុជា គេឃើញមានពពកជាន់កណ្ដាល និងជាន់ខ្ពស់ នៅត្រៀមត្រាពាសពេញប្រទេស ដែលបង្កឱ្យមានធាតុអាកាសអួរ ខណៈពពកព្យុះភ្លៀងផ្កាស្ពៃ កំពុងបង្កភ្លៀងធ្លាក់ទូទាំងតំបន់ឦសាន និងបណ្ដាខេត្តជាប់មាត់សមុទ្រ និងព្រំដែនថៃដូចជាកំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ និងបាត់ដំបងជាដើម។
ទន្ទឹមនឹងការវិវត្តបែបនេះ ក្រសួងធនធានទឹក និងឧត្តុនិយមកម្ពុជា បានព្រមានពីភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ និងផ្គររន្ទះ ដែលគ្របដណ្ដប់លើផ្ទៃដី ៥០% នៃតំបន់ទំនាបកណ្ដាល ៦០% នៃតំបន់ខ្ពង់រាប និងរហូតដល់ ៧០% នៃតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ៣-១២ ខែកក្កដា។
ក្រសួងបញ្ជាក់ថា ព្យុះត្រូពិក ម៉ៃសាក់ នឹងរលាយបាត់ទៅវិញក្នុងរយៈពេល ៣ ថ្ងៃទៅមុខ ប៉ុន្តែព្យុះទីហ្វុង ឬសង្ឃរា បាវី (Bavi) នឹងបន្តជះឥទ្ធិពលរហូតដល់ពាក់កណ្ដាលខែកក្កដា។
គួរគូសបញ្ជាក់ថា ព្យុះត្រូពិក ម៉ៃសាក់ រំពឹងថានឹងវាយប្រហារកោះហៃណាន់ នៅយប់ថ្ងៃសុក្រនេះ មុនវាយប្រហារភាគខាងជើងវៀតណាម និងខាងត្បូងចិនដីគោកនៅថ្ងៃសៅរ៍។ ដោយឡែក ព្យុះទីហ្វុង បាវី ឯណោះវិញ កំពុងបក់បោក និងបង្កើនកម្លាំងយ៉ាងរហ័សនៅលំហរមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដោយបច្ចុប្បន្នមានកម្លាំងខ្យល់បក់បោកថេរ ១៦៥ គីឡូម៉ែត្រ/ម៉ោង។
ឥឡូវនេះ អាជ្ញាធរឧត្តុនិយមអន្តរជាតិ រួមទាំងមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) កំពុងចេញការព្រមានកម្រិតធ្ងន់ធ្ងរសម្រាប់តំបន់ដែល បាវី គ្រោងនឹងវាយប្រហារ រួមទាំងកម្លាំងខ្យល់ដ៏មហន្តរាយ ភ្លៀងធ្លាក់ខ្លាំងជោគជាំ ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងជំនោរទឹកសមុទ្រដោយសារតែព្យុះ (Storm Surge)។
ក្នុងដំណើរឆ្ពោះមកទិសខាងលិច ឥឡូវនេះ ព្យុះសង្ឃរា បាវី កំពុងបំពោលក្បាលសំដៅកោះ ហ្គាម និងប្រជុំកោះ ម៉ារីអាណា របស់សហរដ្ឋអាមេរិក ដោយរំពឹងថានឹងបង្កើនកម្លាំងខ្យល់ដល់ចន្លោះពី ២៧០-២៨០ គីឡូម៉ែត្រ/ម៉ោង ដែលជាកម្រិតព្យុះបក់បោកសាហាវខ្លាំងក្លាបំផុត។ ប្រជុំកោះម៉ារីអាណា រងគ្រោះយ៉ាងដំណំធ្ងន់ធ្ងររួចម្ដងហើយកាលពីពាក់កណ្ដាលខែមេសា ដោយសារតែព្យុះដ៏កំណាចជាប្រវត្តិសាស្រ្ត ស៊ីនឡាគូ (Sinlaku)។
បាវី នឹងបន្តបក់បោករហូតមកក្បែរហ្វីលីពីន ហើយតម្រង់ឆ្ពោះទៅកោះតៃវ៉ាន់ និងចិនដីគោក ក្នុងរយៈពេលជាង ១ សប្ដាហ៍ខាងមុខ។ នេះបើតាមការព្យាកររបស់ម៉ូឌែលធាតុអាកាសផ្សេងៗ គិតត្រឹមព្រឹកថ្ងៃសុក្រ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច