ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួន រួមនឹងថ្នាំញៀនចំនួន១កញ្ចប់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៦និង០០នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលសង់ថ្មី ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ គង់ រតនា ហៅដារ៉ា ភេទប្រុស អាយ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឲ្យលោក គួក សុខហួ អធិការរងខណ្ឌទទួលបន្ទុកផ្នែកព្រហ្មទាន់ ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអបសាលាដំបូងរាជធានីភ្នំពេញ ចុះស៊ើបអង្កេត និងស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ ជញ្ជើងសម្រាប់ថ្លឹងថ្នាំញៀន១ រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។
ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានជួញដូរគ្រឿងញៀន ដែលគេបានទិញនៅមុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) រួចហើយយកមករំលែកដាក់ក្នុងកូនថង់តូចដើម្បីលក់បន្ត ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា