ភ្នំពេញ៖បុរសម្នាក់បានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Ford បើកបុករះចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ១០ នាទីយប់ថ្ងៃទី ៣ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ១៩៧០ កែងនិងផ្លូវ១៩៨០ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ2BK-4400 បើកបរតាមបណ្តោយផ្លូវលេខ១០០៧ លុះមកដល់ចំណុចកើតហេតុក៏ជាមួយម៉ូតូកង់បីពាក់ស្លាកលេខភ្នំពេញ1HT-7563នៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យម៉ូតូកង់បីរេចង្កូតទៅបុកម៉ូតូឃ្លីកគ្រឿងទៀតកំពុងឈប់ស្ងៀមនៅអែបចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតចំណែកអ្នកបើកបរម៉ូតូកង់បីរងរបួស និងកង់បីខូចខាតធ្ងន់ធ្ងរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីម្ចាស់រថយន្តបានធ្វើការសម្របសម្រួលជាមួយខាងភាគីម៉ូតូឃ្លីក មួយគ្រឿងដោយសំណងចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿង ចំណែកម៉ូតូឃ្លីក មួយគ្រឿងទៀតខូចខាតតិចតួចម្ចាស់មិនចង់វែងឆ្ងាយក៍ជិះចេញទៅបាត់។ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរដោយឡែករថយន្តនិងម៉ូតូកង់បី សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច