ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន ១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពីកម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​នាយកដ្ឋាននគរបាល​អន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ជនជាតិចិន ១៧០នាក់ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

ប្រភពដដែលបន្តថា​ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់អភិសន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សន្តិបណ្ឌិត និងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា បន្តធ្វើការបណ្តេញ ជនជាតិចិន សរុបចំនួន ១៧០នាក់ ស្រី០៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅដោយខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ដោយ​៖តារា​


ចែករំលែក៖