ខេត្តកណ្តាលៈ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋរស់នៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង ចំនួន០៩ខ្នង បានរងការខូចខាតយ៉ាងដំណំ ដោយសារខ្យល់កន្ត្រាក់បោកបក់វាយប្រហារបណ្តាលឲ្យដួលរលំនិងប៉ើងដំបូល កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា នៅវេលារំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្ត្រឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មានភ្លៀងធ្លាក់លាយឡំទៅដោយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ទើបបណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋដួលរលំនិងប៉ើងដំបូល តែមិនមានប្រជាពលរដ្ឋណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតនោះទេ ។
ប្រភពដដែលបានបន្តទៀតថា ម្ចាស់ផ្ទះដែលទទួលរងការខូចខាតមាន៧នាក់ ទី១-ឈ្មោះ ម៉ែន មុំ ទី២-ឈ្មោះ លាន ឃឿន ទី៣-ឈ្មោះ មឿន ស៊ីមន ទី៤-ឈ្មោះ ផូ រៀម ទី៥-ឈ្មោះ ផូ ប៊ន ទី៦-ឈ្មោះ ហេង មឹង និងទី៧-ឈ្មោះ វង់ វុទ្ធី ។ ទាំង៧នាក់នេះរស់នៅក្នុងភូមិសាលាតាព្រហ្ម ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង ៕ ស្អាងជ័យ