ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរទៅដកព្រីបូមទឹកទាំងដៃសើមត្រូវចរន្តភ្លើងឆក់ស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសវ័យ៣២ឆ្នាំ បានស្លាប់ភ្លាមៗមួយរំពេចបន្ទាប់ពីខ្លួនបានដើរទៅដកខ្សែភ្លើងបូមទឹកនៅជិតផ្ទះ ស្រះវត្តបាណក បន្ទាប់ពីបូមទឹករួច ស្រាប់តែពេលនោះ ដៃសើម ទើបបណ្តាលឲ្យចរន្តខ្សែភ្លើងឆក់ដួលប្រកាច់ស្លាប់មួយរំពេច កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរងគ្រោះបានបូមទឹកតាំងពីព្រលឹមអុលនៅស្រះវត្តបាណក រហូតមកដល់វេលាម៉ោងជិត៩ព្រឹក ថ្ងៃដដែល ស្រាប់តែបុរសនេះបានដើរទៅដកព្រី បូមទឹកចេញ ក៏ត្រូវចរន្តភ្លើងឆក់ដួលគាំងបេះដូងសន្លប់ឈឹងស្លាប់មួយរំពេច ទោះបីយកទៅពេទ្យ ក៏មិនទាន់ដែរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញភូមិ ហើយដឹងដល់សមត្ថកិច្ចបានចុះមកពិនិត្យទីតាំង និងធ្វើកុសល្យវិច័យ ។

លោកវរៈសេនីយត្រី កែកាន់ចាណា អធិការរងស្រុកបារាយណ៍ បានឲ្យដឹងថា ជនរងគ្រោះ ហៀម ផាត ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះម្នាក់នេះ ពិតជាបានស្លាប់ក្នុងករណីឆក់ចរន្តភ្លើង ព្រោះជនរងគ្រោះតែងតែមកបូបទឹកស្រះបញ្ជូល ចំការបន្លែ និងយកទៅប្រើប្រាស់ជាប្រចាំ ។ ក្រោយពីពិនិត្យទីតាំង និងស្លាកស្នាមជនរងគ្រោះរួចហើយ សមត្ថកិច្ចប្រគល់សពឲ្យទៅបងប្អូនយកធ្វើបុណ្យតាមប្រពៃណី ។

គួររំលឹកថា នៅក្នុងខែតុលា ឆ្នាំ២០១៦នេះ នៅខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់សង្គមកើនឡើងជាងឆ្នាំមុនៗ ៕ ប៊ុនរិទ្ធី

5 2 3 4


ចែករំលែក៖