ខេត្តព្រះសីហនុ ៖ ការចំណាយពេលត្រឹមតែ ៥នាទីឡើងទៅក្នុងមួយថ្ងៃ ក្នុងការបង្កើត «វេទិកាគ្រួសារ» ដើម្បីស្តាប់ និងផ្តល់ភាពកក់ក្តៅដល់កូនចៅ គឺជាមាគ៌ាដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការ និងដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម ជាពិសេសគឺបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា។
នេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដើម្បីចុះសហការជាមួយក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្នុងការពិនិត្យ និងបន្តអនុវត្តការងារគ្រួសាររឹងមាំ (Strong Family) ដែលជាគម្រោងមួយបង្កើតដោយអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ប្រជាសហគមន៍ ដែលនឹងក្លាយជាគ្រួសារមានបទពិសោធន៍ ក្នុងការអប់រំកូនចៅកុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន តាមរយៈការចូលរួមក្នុងគម្រោងគ្រួសាររឹងមាំនេះ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបញ្ជាក់ជូនយ៉ាងលម្អិតថា៖ «គម្រោងគ្រួសាររឹងមាំនេះ គឺជាមាគ៌ាមួយដែលផ្ដោតសំខាន់ទៅលើវេទិកាគ្រួសារ ដែលចំណាយពេលចាប់ពី ៥នាទីឡើងទៅក្នុងមួយថ្ងៃ តាមរយៈការទទួលព័ត៌មានពីកូនចៅ ឆ្លើយតបរាល់សំណើសំណូមពររបស់កូនចៅ ផ្ដល់ភាពកក់ក្តៅដល់កូនចៅ ហើយកូនចៅនឹងសហការផ្ដល់នូវព័ត៌មានផ្សេងៗដែលគាត់បានជួបប្រទះនៅសង្គមក្រៅពីគ្រួសារ»។
លោកបានបន្ថែមថា តាមរយៈវិធីសាស្ត្រជិតដិតនេះ ឪពុកម្ដាយ ឬអាណាព្យាបាល នឹងងាយទទួលបាននូវរាល់ព័ត៌មាននៃការប្រព្រឹត្តរបស់កូនចៅនៅខាងក្រៅ ហើយក៏ងាយនឹងអាចបង្ការ ក៏ដូចជាដោះស្រាយបាននូវរាល់បញ្ហាប្រឈមនានា ជាពិសេសគឺបញ្ហាគ្រឿងញៀន បានទាន់សភាពការណ៍ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

ប្រភព ៖ CCFR
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច