ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែកបំភ្លឺជូនសាធារណជនករណីបាត់មនុស្ស ពុំមានករណីចាប់បង្ខំឲ្យខ្លួនចាកចេញពីផ្ទះនោះទេ គឺស្ម័គ្រចិត្តទៅដើរលេងជាមួយគេ។
រដ្ឋបាលស្រុកបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទីព្រឹក ក្រុមប្រចាំបញ្ជារបស់អធិការដ្ឋាននគរបាលស្រុករមាសហែកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបាត់មនុស្សឈ្មោះ ឈន រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកវាយទី១ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បានចេញបាត់ពីផ្ទះដោយជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ1G-9599 មានកាបូបស្ពាយពណ៌ខ្មៅ និងពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ស្លៀកខោពណ៌ខ្មៅជើងវែង កាលពីវេលាម៉ោងចន្លោះពីម៉ោង០៨ទៅម៉ោង០៩ព្រឹកថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៦។
នៅពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងស្រុករមាសហែកបានធ្វើការស្រាវជ្រាវរក ដោយសហការជាមួយក្រុមគ្រួសារ រហូតដល់វេលាម៉ោង១៩និង៣០នាទី យប់ថ្ងៃដដែលទើបដឹងថា កុមារាឈ្មោះ ឈន រតនៈ បានជិះម៉ូតូចូលមករកសម្រាកនៅផ្ទះសំណាក់មួយកន្លែងឈ្មោះ សាន ធីតា ដែលមានទីតាំងនៅខាងកើតរបងមន្ទីរពេទ្យបង្អែករមាសហែក ស្ថិតក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ពេលនោះម្ចាស់ផ្ទះសំណាក់បានសួរនាំពីអត្តសញ្ញាណឈ្មោះ ឈន រតនៈ ក៏ជិះម៉ូតូចេញទៅវិញបាត់ទៅ។ បន្ទាប់មកសមត្ថកិច្ចយើង ជាមួយក្រុមគ្រួសារនិងសាច់ញាតិបានតាមរកឃើញនៅត្រង់ចំណុចភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងជិះម៉ូតូហើយក៏បាននាំយកទៅផ្ទះវិញ។ ពេលនោះឈ្មោះ ឈន រតនៈ បានបំភ្លឺប្រាប់សមត្ថកិច្ច អាជ្ញាធរនិងក្រុមគ្រួសារថា ខ្លួនបានចាកចេញពីផ្ទះនេះគឺមានក្មេងប្រុសៗចំនួន០៤នាក់ជិះម៉ូតូ០២គ្រឿង មិនស្គាល់ឈ្មោះនិងអាសយដ្ឋាន បាន ជិះម៉ូតូមកឈប់នៅលើថ្នល់មុខផ្ទះ ហើយបានបបួលខ្លួនទៅដើរលេង ខ្លួនបានយល់ព្រមទៅជាមួយ ប៉ុន្តែពេលទៅដល់ចំណុចថ្នល់កែងក្បែរសាលាស្រុករមាសហែក អ្នកទាំង០៤នោះបានជិះម៉ូតូទៅចោលបាត់អស់ ខ្លួនពុំដឹងទៅណាគឺជិះម៉ូតូចុះឡើងៗរហូតដល់ពេលយប់ក៏ចូលទៅរក កន្លែងដេកនៅផ្ទះសំណាក់ឈ្មោះ សាន ធីតា តែម្តង ប៉ុន្តែពេលទៅដល់ម្ចាស់ផ្ទះសំណាក់គាត់បានសួរនាំរកអាសយដ្ឋានដែលខ្លួនរស់នៅទើបខ្លួនចាកចេញដោយមានគោលបំណងទៅផ្ទះវិញ ដោយពុំមានករណីចាប់បង្ខំឲ្យខ្លួនចាកចេញពីផ្ទះនោះទេ គឺខ្លួនស្ម័គ្រចិត្តទៅដើរលេងជាមួយគេ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច