ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅកាន់ក្រុងកំពង់ចាម។
នៅក្នុងពិធីនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីតម្លៃយុទ្ធសាស្ត្រនៃខ្សែផ្លូវនេះ រួមមាន៖
១. កំណាត់ផ្លូវជាតិលេខ៧ នេះ គឺជាខ្សែផ្លូវដ៏សំខាន់ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងផ្លូវខេត្តជាច្រើន (រួមមានផ្លូវជាតិលេខ៦, ៦០, ៧០, ៧១ និងផ្លូវខេត្តលេខ ២២២, ២២៣) ដែលជួយសម្រួលការធ្វើដំណើរតភ្ជាប់ពីស្គន់ ឆ្ពោះទៅរាជធានីភ្នំពេញ កំពង់ធំ សៀមរាប ស្រុកនានាក្នុងខេត្តកំពង់ចាម និងបន្តភ្ជាប់ទៅកាន់តំបន់ភូមិភាគឦសាន នេះជាបណ្តាញតភ្ជាប់សរសៃឈាមសេដ្ឋកិច្ច។
២. ការស្តារនិងពង្រីកផ្លូវនេះ បានប្រែក្លាយទៅជាខ្សែផ្លូវដ៏រឹងមាំ និងធំទូលាយ ដែលជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តកំពង់ចាម និងបណ្តាខេត្តជាប់ព្រំប្រទល់ នេះជាជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច-សង្គម។
៣. ផ្លូវនេះក៏ជាកាតាលីករជួយទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាមផងដែរ។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ផ្លូវមួយខ្សែនេះនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវកាន់តែរីកចម្រើន ធូរធារ និងផ្តល់ជម្រើសកាន់តែប្រសើរក្នុងការធ្វើដំណើរ។
ចំពោះផ្លូវនេះ សម្តេចនាយករដ្ឋមន្ត្រី ឱ្យក្រុមហ៊ុនសាងសង់ផ្លូវអនុវត្តតាមបទដ្ឋានបច្ចេកទេស មិនត្រូវចាក់ផ្លូវស្តើងស៊ីក្រាស់ និងអំពាវនាវឱ្យរួមគ្នាថែទាំផ្លូវ កុំដឹកជញ្ជូនលើសទម្ងន់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការដឹកលើសទម្ងន់នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើមិនដូច្នេះទេ ផ្លូវរបស់យើងនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់ប្រជាជនទាំងអស់គ្នាប្រើប្រាស់៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច