ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបករណីលួច បែរជាជនល្មើសនិយាយតថ្លៃ និងតដៃរារាំងការអនុវត្តច្បាប់របស់កងកម្លាំង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់បញ្ជូនទៅសាលាដំបូងខេត្ត ជាប់ពាក់ព័ន្ធករណីលួចនិងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនទៅសាលាដំបូង  ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។

នៅវេលាម៉ោង១៧និង៥៥នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។  ជនសង្ស័យនោះមានឈ្មោះ ជា ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជន សង្ស័យមិនបានសហការ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចនោះទេ ហើយក៏បានស្រែកជេរប្រមាថ និងយកចបជីកមកបម្រុងវាយចាក់គំរាមសមត្ថកិច្ច និងយកដំបងឈើគប់មកលើសមត្ថកិច្ចទៀតផង។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចដែកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖