ព័ត៌មានទាន់ហេតុការណ៍៖

អតីតទណ្ឌិតញៀនថ្នាំលួចកាច់កុងទ័រទឹកអ្នកភូមិ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញក្របួចជាប់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷អតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារ និងជាមុខសញ្ញាញៀនថ្នាំម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះល្បាតប្រទះឃើញ និងឃាត់ខ្លួនបានសម្រេច បន្ទាប់ពីជនសង្ស័យបានធ្វើ សកម្មភាពលួចកាច់កុងទ័រទឹករបស់ប្រជាពលរដ្ឋ។ ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីម៉ោង ១ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី៦ កក្កដា ២០២៦ ក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាលពីម៉ោង ២ និង៣០នាទី ថ្ងៃទី៥ កក្កដា ២០២៦ នៅចំណុចភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វី សារី (ប្រុស, ២៩ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដោយជននេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ១ឆ្នាំ ពីបទលួចទូរស័ព្ទ។ ចំណែកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនមានឈ្មោះ រ៉ូ (ប្រុស, ២៥ឆ្នាំ) ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ។

ដោយឡែក ជនរងគ្រោះមានឈ្មោះ តាក វុទ្ធី (ប្រុស, ៤០ឆ្នាំ) មុខរបរលក់ដូរ រស់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជារបស់ជនសង្ស័យរួមមាន កាបូប ២ ពណ៌ខ្មៅ ១ និងពណ៌ស ១ កាបូបលុយពណ៌ខ្មៅ ១ ពិលពាក់ក្បាល ២ ដង្កាប់ដងជ័រពណ៌ក្រហម ១ កន្ត្រៃដងជ័រពណ៌ទឹកក្រូច ១ សោសៀ ១ ដែក៤ជ្រុងសំប៉ែត ១ ដែក៤ជ្រុងសំប៉ែតរាងអក្សរអិល ១ ដែកឆាបគ្មានដង ១ ទួណឺវីសដងជ័រ ១ សោជំពាម ៣ រួម និងកាំបិតផ្គាក់ដងឫស្សី ១ដើម ។

លោកអធិការបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួន កាលពីម៉ោង ២ និង៣០នាទី ថ្ងៃទី៥ កក្កដា ២០២៦ មានជនសង្ស័យម្នាក់ឈ្មោះ វី សារី បានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ក្នុងលក្ខណៈគួរឲ្យសង្ស័យ ហើយបានធ្វើសកម្មភាពលួចកាច់កុងទ័រទឹក ១គ្រឿង របស់ជនរងគ្រោះឈ្មោះ តាក វុទ្ធី រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ លុះមកដល់ម៉ោង ១ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី៦ កក្កដា ២០២៦ ជនសង្ស័យឈ្មោះ វី សារី បានជិះម៉ូតូ ១គ្រឿង ដដែលនេះ ដោយឌុបបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ូ បំណងដើរស្វែងរកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋម្ដងទៀត។

លោកអធិការបានបញ្ជាក់ថា ពេលជនសង្ស័យកំពុងធ្វើសកម្មភាពជិះម៉ូតូដើររកលួចនោះ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ សហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ក្រុងតាខ្មៅ ចុះល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ វី សារី យកមកសួរនាំ ខណៈបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ូ បានរត់គេចខ្លួនបាត់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចកាច់កុងទ័រទឹករបស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ រួម និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួន៕


ចែករំលែក៖