ខេត្តកំពត ៖ ករណីរថយន្តក្រឡុកស៊ីម៉ង់បើកធ្លាក់ផ្លូវ បុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យពាងទឹកបែកអស់ចំនួន៧ និងសម្ភារៈជាច្រើនទៀតត្រូវបានខូចខាត តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវបេតុងចូលទៅរោងចក្រផលឹតស៊ីម៉ង់ ស្ថិតក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
តាមការឱ្យដឹងពីស្ត្រីជាម្ចាស់ផ្ទះកើតហេតុខាងលើឈ្មោះតន សុខលី បានឱ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ត៍នោះបើកបរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែបុកផ្ទះគាត់ប្រាវតែម្ដង។
ស្ត្រីជាម្ចាស់ផ្ទះបានបន្តថា ពេលដែលកើតហេតុនោះ ពួកគាត់នៅក្នុងផ្ទះទាំងអស់ និងមានតែការភិតភ័យ នាំគ្នារត់ចេញពីផ្ទះទាំងយប់។ ចំណែកការខូចខាតទ្រព្យ សម្បត្តិដែលរថយន្តបានបុក រួមមានស្រូវនិងសម្ភារះផ្ទះរៀបថ្ម ត្រូវបែកប្រេះ និងពាងទឹកចំនួន7ត្រូវបែកអស់ តែមិនមានអ្នករងគ្រោះនោះទេ។
ម្ចាស់ផ្ទះនិយាយថាអ្នកបើកបរគឺមានស្ថានភាពស្រវឹង ពេលដែលរថយន្តបុកផ្ទះគាត់ហើយស្រាប់តែអ្នកបើក រថយន្តចុះពីលើរថយន្តមកអង្គុយលើអង្រឹងធ្វើជាមិន ដឹង ។ ទោះបីជាបែបណា នគរបាលស្រុកបន្ទាយមាសចុះមកធ្វើកំណតហេតុ សួរម្ចាស់ផ្ទះខូចខាតទ្រព្យសម្បត្តិនិងឃាត់ខ្លួនអ្នកបើកបររថយន្តនាំទៅអធិការនគរបាលស្រុកតាំងពីយប់កើតហេតុមកម្លេះ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច