ទីក្រុងប៉េកាំង៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ បាននិយាយថា គ្រោះអគ្គិភ័យដ៏សាហាវមួយបានឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង នៅភាគខាងកើតប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨នាក់បាត់បង់ជីវិត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា អគ្គិភ័យនេះបានឆាបឆេះរោងចក្រស្បែកជើងឈ្មោះ ហួយតេង (Huiteng Shoes) នៅក្នុងទីក្រុងជិនជាំង (Jinjiang) ខេត្តហ្វូជាន (Fujian) នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់។ ប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរនៅតែបន្តបង្ហាញក្តីព្រួយបារម្ភថា អាចនៅមានមនុស្សជាប់គាំងនៅខាងក្នុងអគារនៅឡើយ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយកម្លាំងសង្គ្រោះ និងពន្លត់អគ្គិភ័យចំនួន ១៨៣នាក់ ព្រមទាំងរថយន្តចំនួន ៣៥គ្រឿង ទៅកាន់កន្លែងកើតហេតុជាបន្ទាន់។
យោងតាមរូបភាព និងវីដេអូដែលផ្សាយដោយទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីសកម្មភាពក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ ចេញពីអគារពណ៌សកម្ពស់ជាច្រើនជាន់នោះ។ រូបភាពក៏បានបង្ហាញពីទិដ្ឋភាពប្រជាពលរដ្ឋកំពុងឈរគេចពីអណ្តាតភ្លើងនៅតាមបង្អួច និងនៅលើដំបូលអគារផងដែរ ខណៈដែលជាន់ខាងក្រោមត្រូវបានភ្លើងឆេះយ៉ាងសាហាវ។
ជុំវិញសោកនាដកម្មនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានសម្តែងការសោកស្តាយចំពោះ «ការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន» និងបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងរុករក និងជួយសង្គ្រោះឱ្យអស់ពីលទ្ធភាព។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានដកស្រង់សម្តីលោក ស៊ី ដែលបានសង្កត់ធ្ងន់ថា «មូលហេតុនៃគ្រោះថ្នាក់នេះ ត្រូវតែស្វែងរកឱ្យឃើញក្នុងពេលឆាប់ៗ ហើយអ្នកដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច