ទីក្រុងម៉ាឌ្រីដ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា នាយករដ្ឋមន្ត្រីបែលហ្ស៊ិក (Belgium) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលធ្វើដំណើរទៅដល់ប្រទេសកំណើតវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយលោកបានប្រទះឃើញកាំភ្លើងខ្លី និងគ្រាប់ពិត នៅក្នុងវ៉ាលិសឥវ៉ាន់របស់លោក។
កាដូដ៏ចម្លែកនេះ គឺជាការរៀបចំដោយប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេដូហ្គាន់ (Recep Tayyip Erdogan) ដែលបានជូនកាំភ្លើងខ្លីបុរាណមួយដើម អមដោយគ្រាប់កាំភ្លើងពិតៗ ទៅកាន់មេដឹកនាំណាតូគ្រប់រូបជាវត្ថុអនុស្សាវរីយ៍ ក្រោយបញ្ចប់កិច្ចប្រជុំដ៏តានតឹងមួយនៅទីក្រុងអង់ការ៉ា។ គោលបំណងរបស់លោក អេដូហ្គាន់ គឺដើម្បីបង្អួតពីសមត្ថភាពនៃឧស្សាហកម្មការពារជាតិរបស់តួកគី ដែលបច្ចុប្បន្នបានក្លាយជាឧបករណ៍នាំចេញ និងគោលនយោបាយការបរទេសដ៏សំខាន់មួយរបស់ប្រទេសនេះ។
យោងតាមរូបភាពដែលចែករំលែកដោយការិយាល័យប្រធានាធិបតីលីទុយអានី លោក ហ្គីតាណាស់ ណៅសេដា (Gitanas Nauseda) បានបង្ហាញថា កាដូនោះគឺជាកាំភ្លើងខ្លីប្រភេទ Gumusay .357 Magnum ដែលជាកាំភ្លើងកម្រ និងផលិតដោយក្រុមហ៊ុនផលិតអាវុធ MKE របស់តួកគីក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ កាំភ្លើងនោះត្រូវបានរៀបចំយ៉ាងស្អាតនៅក្នុងប្រអប់ឈើ ដែលមានរូបទង់ជាតិតួកគី និងនិមិត្តសញ្ញាណាតូ ព្រមទាំងមានសរសេរអក្សរជាភាសាតួកគី និងអង់គ្លេសថា «Gumusay ជាកាំភ្លើងខ្លីប្រភេទវិល (Revolver) ដំបូងគេបង្អស់ ដែលផលិតនៅក្នុងប្រទេសរបស់យើង»៕ដោយ៖តារា

(វិដេអូ)៖RT)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច