ប្រធានាធិបតីហ្វុីលីពីននៅថ្ងៃទី២៦ ខែតុលា បានប្រកាសថា បណ្តាក្រុមហ៊ុន បរទេសអាចរើអីវ៉ាន់ចាក់ចេញពីប្រទេស របស់លោកបាន ប្រសិនបើភ័យខ្លាចរឿង បោសសម្អាតគ្រឿងញៀន ។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Russel កាលពីថ្ងៃទី២៤ ខែ តុលាបានទៅកាន់ទីក្រុងម៉ានីលដោយលោកបង្ហាញពីក្តីបារម្ភចំពោះសង្គ្រាម ប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរ តេ ដែលបានសម្លាប់មនុស្សជិត៤០០នាក់ក្នុងរយៈពេល៤ខែ។ សកម្មភាពបែបនោះនឹងធ្វើឲ្យក្រុមវិនិយោគទុននៅក្នុងប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំង។
សារព័ត៌មាន AFP បានដកស្រង់សម្តី លោក ឌុយទែរតេ បានបញ្ជាក់ថា «ជន ជាតិអាមេរិកពិតជាឆ្កួតហើយ»។ ក្រោយ ពេលមន្ត្រីអាមេរិកបានលើកឡើងពីវិភាគ របស់លោក ឌុយទែរតេ បង្កើនក្តីបារម្ភដល់បណ្តាលក្រុមហ៊ុនបរទេសនៅទីនេះ។ ដូច្នេះប្រសិនបើភ័យខ្លាចសូមវេចបង្វេច ចាកចេញទៅ។
លោក ឌុយទែរតេ បញ្ជាក់ថា ជប៉ុនជាដៃគូពាណិជ្ជកម្មទី១របស់ហ្វុីលីពីន ដូច្នេះ ហ្វុីលីពីនត្រូវការបង្កើតទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀត។ លោកបន្តទៀតថា ហ្វុីលីពីននឹងបើកទ្វារចំហជានិច្ចសម្រាប់ក្រុមហ៊ុនជប៉ុន។
កន្លងមកលោក ឌុយទែរតេ បានប្រកាស ធ្វើឲ្យមានការមន្ទិលសង្ស័យទៅលើទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនដែលមានរយៈ ពេលជាង៧០ឆ្នាំកន្លងមកត្រូវបែកបាក់។
ប្រធានាធិបតីហ្វុីលីពីនធ្លាប់បានលើកឡើងថា បើអាមេរិកនៅតែចាត់ទុកហ្វុីលីពីន ដូចជាឆ្កែជាប់ច្រវាក់នោះទំនាក់ទំនងយោធា ជាមួយហ្វុីលីពីនក៏នឹងត្រូវកាត់ផ្តាច់ប្រសិនបើលោកនៅតែកាន់អំណាចនោះ។
បច្ចុប្បន្នទំនាក់ទំនងផ្នែកយោធារវាងអាមេរិកនឹងហ្វុីលីពីននៅដដែលលើកលេងតែទំនាក់ទំនងសេដ្ឋកិច្ចប៉ុណ្ណោះ។ មេដឹកនាំហ្វុីលីពីនបានដឹងយ៉ាងច្បាស់ថា មិនអាច ពឹងផ្អែកអ្នកនៅឆ្ងាយជួយដល់សេដ្ឋកិច្ច របស់ខ្លួនឲ្យទាន់ពេលវេលាដូចអ្នកនៅជិតនោះឡើយ។
ចាប់តាំងពីលោក ឌុយទែរតេ ឡើងកាន់ តំណែងទំនាក់ទំនងរវាងហ្វុីលីពីននឹងអាមេ រិកមិនដូចជាពេលមុនទៀតទេ ហើយគោល នយោបាយការបរទេសរបស់លោកមានការផ្លាស់ប្តូរទាំងស្រុងដោយលោកសុខចិត្ត បោះបង់សម្ពន្ធមិត្តនៅឆ្ងាយចាប់យកដៃគូជិត ងាយស្រួលជួយដល់សេដ្ឋកិច្ចប្រទេសនេះ។ លោក ឌុយទែរតេ បានបញ្ជាក់ថា ចេកក្រអូប របស់ហ្វុីលីពីនបើនាំដល់អាមេរិកប្រាកដជា ស្អុយរលួយជាមិនខាន ដូច្នេះមានតែទីផ្សារប្រទេសចិនប៉ុណ្ណោះទើបទាន់ពេលវេលា។ ទាំងនោះជាអ្វីដែលលោក ឌុយ ទែរតេចង់ បានក្នុងពេលដែលលោកកាន់អំណាច។
អាមេរិកជាសម្ពន្ធមិត្តយុទ្ធសាស្ត្រប្រពៃ ណីរបស់ហ្វុីលីពីនកាលពីជំនាន់មុនទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនមានភាពល្អប្រសើរ ហើយអាមេរិកប្រើប្រាស់ហ្វុីលីពីនដើម្បីគ្រប់គ្រងចិន។ ផ្ទុយទៅវិញលោក ឌុយទែរតេ បានកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិកងាកទៅរកចិនវិញ។ ប្រធានាធិ បតិហ្វុីលីពីនសង្ឃឹមថា ចិននឹងមិនដើរឆ្ងាយ ជាងនេះនៅក្នុងការឈ្លានពានហ្វុីលីពីនទុក ឲ្យហ្វុីលីពីនមានឱកាសបានរស់នឹងគេ។
ពាក់ព័ន្ធនឹងវិវាទដែនសមុទ្រវិញតាម អ្នកវិភាគតុលាការអន្តរជាតិក៏ដូចជាអ្នក វិភាគភាគច្រើនយល់ថា ហ្វុីលីពីនជាអ្នក ត្រូវសោះបែរជាតត្រុកសុំការសន្តោស ប្រណីពីចិនដែលជាអ្នកមកបំពានទៅវិញ។ តំណាងរាស្ត្រហ្វុីលីពីនម្នាក់មកពី គណបក្សប្រឆាំងយល់ថា ជំហរបែបឱប ជើងចិនរបស់ប្រធានាធិបតីហ្វុីលីពីននា ពេលនេះនឹងជះផលអាក្រក់មកលើហ្វុីលី ពីននៅថ្ងៃស្អែក។ ចិននឹងកាន់តែបានចិត្តសង្កត់កហ្វុីលីពីនលើគ្រប់វិស័យដើម្បីការពារផលប្រយោជន៍របស់គេ ហើយលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ វិញ ខ្លាចលោក ស៊ី ជីងពីង ដូចឆ្មាត្រូវទឹក។
សម្រាប់អ្នកវិភាគនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រនយោបាយហ្វុីលីពីនវិញ យល់ថា បន្ទាត់នយោបាយបែរទៅខាងចិននា ពេលនេះវាជារឿងចាំបាច់ក្នុងបរិបទនយោ បាយបច្ចុប្បន្នដែលហ្វុីលីពីនត្រូវការរក បង្អែកថ្មី ព្រោះសហរដ្ឋអាមេរិកកំពុងអស់ឥទ្ធិពលបណ្តើរៗទៅហើយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ គ្មាននរណាម្នាក់អាចគេចពីក្រញ៉ាំរបស់ចិនបានទេ។ ជាងនេះទៅ ទៀតក្នុងអាណត្តិទាំង២របស់លោក អូបាម៉ា សហរដ្ឋអាមេរិកហាក់បានកាត់បន្ថយមិនចង់ធ្វើអន្តរាគមន៍ឬចេញមុខឈ្លោះជាមួយអ្នកណាដើម្បីការពារកូនចៅដូចកាលពី ជំនាន់មុនទេ។ ដូច្នេះបើហ្វុីលីពីនទៅត ទល់ជាមួយចិនតែម្នាក់ឯងគឺមិនខុសពី យកពងមាន់ទៅជល់នឹងថ្មឡើយ។ ការបត់ ក្បាលទៅរកចិននាពេលនេះជាការយល់ពីកាលៈទេសៈជាក់ស្តែង។ វិស័យពាណិជ្ជ កម្មជំនួយវិនិយោគទាំងអស់នេះដែលហ្វុីលី ពីនត្រូវការចិនបានផលពីចិនជាជាងបង្ក ជម្លោះជាមួយចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទី២ទី១បរិបទសេដ្ឋកិច្ចពាណិជ្ជ កម្មព្រមទាំងការវិនិយោគ ហើយទី២បរិបទ ការទូត។ លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ត្រូវ បានអមដំណើរទៅដោយអ្នកជំនួញធំៗនៅហ្វុីលីពីនជាច្រើនរយនាក់។ វិស័យវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាចំណុចធំបំផុត ព្រោះតាមការឲ្យដឹងហ្វុីលីពីនចង់សុំឲ្យចិនបោះទុនវិនិយោគក្នុង វិស័យនេះរាប់ពាន់លានដុល្លារឯណោះ។ ឧទាហរណ៍ដូចជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែកហ្វុីលីពីននៅតំបន់ម៉ាន់ដាណាវភាគ ខាងត្បូងហ្វុីលីពីនដែលរដ្ឋាភិបាលលោក រ៉ូឌ្រី ហ្គោ ឌុយទែរតេ កំពុងត្រូវការលុយវិនិយោគ របស់ក្រុមហ៊ុនស្ថាបនាផ្លូវដែករបស់ចិន។
ជាការកត់សំគាល់ចាប់តាំងពីហ្វុីលីពីន និងចិនឈ្លោះគ្នារឿងតំបន់សមុទ្រចិនខាងត្បូងពាណិជ្ជកម្មរវាងប្រទេសទាំង២បាន ជួបការលំបាកណាស់សម្រាប់អ្នករកស៊ី ទាំងសងខាង។ សម្រាប់ហ្វុីលីពីនដែលនាំ ផ្លែឈើ ដូចជាចេក និងម្នាស់ចូលទៅលក់ នៅចិនបានខាតបង់យ៉ាងច្រើនដោយសារចិនលែងទទួលទិញ ហើយបើលួចនាំចូល បើចិនចាប់បានគឺគេដុតចោលទាំងកុងតឺន័រ តែម្តង។ ក៏ប៉ុន្តែដើម្បីអបអរទស្សនកិច្ចរបស់ លោកប្រធានាធិបតីហ្វុីលីពីននាពេលនេះ អាជ្ញាធរចិន ទើបតែបានសម្រេចលុបបំរាមហាមឃាត់ការនាំចូលចេកនិងម្នាស់របស់ហ្វុីលីពីន៕ ម៉ែវ សាធី