សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ រុស្ស៉ីបានអះអាងថា ខ្លួនបានបាញ់កម្ទេចយន្តហោះដ្រូនអ៊ុយក្រែនសរុបចំនួន ៣៧៦គ្រឿងនៅទូទាំងប្រទេស ហើយអគ្គិភ័យបានកើតមានឡើង នៅទីតាំងចម្រាញ់និងស្តុកប្រេងប៉ុន្មានកន្លែង។
ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្ទាក់យន្តហោះដ្រូន នៅទូទាំងប្រទេសរុស្ស៉ី ក្នុងនោះរួមទាំងនៅលើដែនអាកាសតំបន់រដ្ឋធានីមូស្គូ។ ការវាយប្រហារដោយដ្រូននេះ ក៏បានបង្កជាអគ្គិភ័យឆាបឆេះ តាមទីតាំងចម្រាញ់និងស្តុកប្រេងមួយចំនួននៅភាគខាងត្បូង ក្នុងនោះរួមមាន នៅរោងចក្រចម្រាញ់ប្រេងមួយកន្លែង ក្នុងតំបន់ Krasnoda Krai និងនៅទីតាំងស្តុកប្រេង២កន្លែង ក្នុងតំបន់ Azov។
ប៉ុន្មានខែមកហើយ ទីក្រុងកៀវបានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កឧបសគ្គចំពោះសមត្ថភាពហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ ដើម្បីបន្តទ្រទ្រង់សង្រ្គាមនៅអ៊ុយក្រែន តាមរយៈការកំណត់គោលដៅលើហេដ្ឋរចនាសម្ព័ន្ធថាមពលរបស់រុស្ស៉ី។
ការវាយប្រហារថ្មីចុងក្រោយខាងលើ គឺបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្គាល់កាលពីខែមិថុនាថា ប្រទេសរបស់លោកកំពុងប្រឈមបញ្ហាខ្វះខាតប្រេង ក្រោយការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ុយក្រែន។
ទីក្រុងកៀវចាត់ទុកការវាយប្រហាររបស់ខ្លួន ជាទង្វើសងសឹកស្មើភាពគ្នា សម្រាប់ការដែលរុស្ស៉ីបាននិងកំពុងបន្តបាញ់មីស៉ីលព្រមទាំងដ្រូនស្ទើរតែរៀងរាល់ថ្ងៃ លើគោលដៅស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច