ព័ត៌មានទាន់ហេតុការណ៍៖

សិស្សពីកម្ពុជា៣រូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ សិស្សពីប្រទេសកម្ពុជា ៣រូប ទទួលបានអាហារូបករណ៍បន្តការសិក្សាថ្នាក់មធ្យមសិក្សានៅប្រទេសសិង្ហបុរី ក្នុងកម្មវិធី ASEAN Scholarship Award 2016 តាមរយៈស្ថានទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា ។

ថ្លែងនៅក្នុងការប្រគល់ជ័យលាភីអាហារូបករណ៍កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា លោក Michael Tan Keng Sion លើកឡើងថា ជ័យលាភីទាំង៣រូប ពិតជាបានចម្រាញ់ចេញមកពីការប្រកួតប្រជែងជ្រើសរើស យ៉ាងស្វិតស្វាញ។

លោកឯកអគ្គរដ្ឋទូតបន្តថា «ជ័យលាភីអាហារូបករណ៍នេះ មានលក្ខខណ្ឌតឹងរ៉ឹងយ៉ាងខ្លាំង។ ពួកគេមិនត្រឹមតែ ត្រូវមានលទ្ធផលក្នុងការសិក្សាខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងត្រូវមានសមត្ថភាពក្នុងការដឹកនាំ និងសកម្មភាពដទៃទៀត ក្នុងចំណោមលក្ខខណ្ឌវាយតម្លៃការជ្រើសរើសបេក្ខជន»។

លោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា មានយ៉ាងហោចណាស់បេក្ខជន ២០នាក់ត្រូវបានជ្រើសរើសមកធ្វើការប្រលងក្នុងចំណោមបេក្ខជនជាងច្រើនរូប ហើយមានតែ បេក្ខជន៣រូបនេះប៉ុណ្ណោះ ដែលបានទទួលជ័យលាភី។

ថ្លែងនៅចំពោះមុខម្ចាស់ជ័យលាភី លោកបានថ្លែងថា ស្តង់ដារអប់រំនៅក្នុងប្រទេស សិង្ហបុរីមានកម្រិតខ្ពស់ណាស់ ដែលតម្រូវឲ្យសិស្សដែលបានទទួលអាហារូបករណ៍នៅពេលនេះ ព្យាយាមយកចិត្តទុកដាក់ក្នុងការសិក្សា។

លោកបន្តថា៖ «ជាកត្តាសំខាន់ គឺ ត្រូវគោរពវិន័យសាលា និងខំប្រឹងរៀនឲ្យបានពូកែ។ មានអ្នកខ្លះចង់រៀន ផ្នែកវេជ្ជសាស្ត្រ ខ្លះចង់រៀនផ្នែកបរិស្ថាន និងខ្លះចង់រៀនផ្នែកបច្ចេកវិទ្យា ដូច្នេះអ្វីដែលសំខាន់គឺត្រូវខំប្រឹងរៀន និងធ្វើការស្រាវជ្រាវ»។

លោកសង្ឃឹមថា សិស្សដែលបានទទួលអាហារូបករណ៍ទាំង ៣រូបនឹងត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីយកចំណេះ និងជំនាញមកចែករំលែកដល់យុវជនដទៃទៀត។

សិស្សដែលទទួលបានអាហារូបករណ៍ លឹម វណ្ណា មានវ័យ ១៦ឆ្នាំ បានថ្លែងថា ខ្លួននឹងត្រូវចំណាយពេល ៤ឆ្នាំ ដើម្បីបញ្ចប់ថ្នាក់មធ្យមសិក្សានៅប្រទេសសិង្ហបុរី។ យុវសិស្សរូបនេះ បន្តទៀតថា ភាពឈ្លាសវៃ គឺជាគន្លឹះសំខាន់មួយដើម្បីទទួលបានអាហារូបករណ៍នេះ។

វណ្ណា និយាយថា៖ «គេមានធ្វើតេស្តភាពឈ្លាសវៃ និងមានការប្រលងផ្សេងៗទៀត ដូចជាគណិតវិទ្យា និងភាសាអង់គ្លេស។ ខ្ញុំគិតថា ការអានសៀវភៅ និងអត្ថបទផ្សេងៗជាភាសាអង់គ្លេសឲ្យបានច្រើន នឹងជួយបង្កើនសមត្ថភាពទាំង ភាពឈ្លាសវៃ និង ភាសាអង់គ្លេស។ ការប្រលង មានចេញទាំងពាក្យពិបាក និងវេយ្យាករណ៍អង់គ្លេស ដូច្នេះ ការអានពិតជាជួយបានច្រើនណាស់»។

អ៊ំ ដាលិ វ័យ ១៦ឆ្នាំ ដែលទទួលបានអាហារូបករណ៍ដូចគ្នា ថ្លែងថា ការរំលឹកមេរៀនគណិតវិទ្យាជាមុន ជាគន្លឹះដើម្បីទទួលបានអាហារូបករណ៍នេះ។

ដាលិនិយាយថា៖ «ខ្ញុំបានបើកមើលវគ្គសិក្សាប្រទេសសិង្ហបុរីមុនពេលប្រលង ហើយខ្ញុំបានដឹងថា មុខវិជ្ជាគណិតវិទ្យានៅប្រទេសសិង្ហបុរីមានកម្រិតខ្ពស់ជានៅកម្ពុជាបន្តិច ដែលជួយឲ្យខ្ញុំជ្រើសរើសមេរៀនដើម្បីរំលឹកបានត្រូវច្រើន»។

យុវតីរូបនេះ បន្ថែមថា៖ «ខ្ញុំបានអានសៀវភៅជាច្រើន ដើម្បីបង្កើនចំណេះដឹងរបស់ខ្ញុំ។ ខ្ញុំមិនអានតែ មុខវិជ្ជាណាមួយទេ។ ខ្ញុំអានដូចជា សៀវភៅ ប្រវត្តិសាស្ត្រ និងសៀវភៅពីមនុស្សជោគជ័យ និងសៀវភៅរឿងជាដើម» ៕ ហេង សូរិយា

abc-1

abc
abc-2


ចែករំលែក៖