ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី ០៦នាក់រងរបួសធ្ងន់-ស្រាល ករណីគ្រោះថ្នាក់ចរារចណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក រួចខ្ទាតទៅបុកម៉ូតូ០១គ្រឿងទៀត

ចែករំលែក៖

ខេត្តកណ្តាល ÷ ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្ត បុកម៉ូតូសណ្តោងរ៉ឺម៉ក រួចក៏ខ្ទាតទៅបុកម៉ូតូ០១គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលមនុស្សប្រុសស្រីចំនួន០៦នាក់ បញ្ជូនទៅមន្ទីរពេទ្យ។ ករណីនេះកើត ឡើងកាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃចុងសប្តាហ៍កន្លងទៅ (ថ្ងៃទី១០ខែកក្កដា ) នៅលើកំណាត់ផ្លូវជាតិលេខ21ទួលក្រសាំង ស្ថិតក្នុងភូមិលេខ 1ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ និងសមត្ថកិច្ចជំនាញក្រុងតាខ្មៅ ដែលបានចុះអន្តរាគមន៍បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុ មានម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-0564 បើកបរដោយឈ្មោះ យូ សារ៉ុម ភេទស្រី អាយុ ៤៦ឆ្នាំ(របួសធ្ងន់) និងមានកូនបង្កើតរួមដំណើរជាមួយចំនួន ០២នាក់៖ ទី០១- ឈ្មោះ ធឿន ប៊ុនឡុង ភេទប្រុស អាយុ ១១ឆ្នាំ (របួសធ្ងន់), ទី០២-  ឈ្មោះ ធឿន ស្រីលាភ ភេទស្រី អាយុ ១៤ឆ្នាំ (របួសស្រាល)  អ្នកទាំងបីមានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូរ៉ឺម៉កតាមផ្លូវបេតុង មានទិសដៅពីកើតទៅលិច។

ពេលមកដល់កន្លែងកើតហេតុ ក៏បានបើកម៉ូតូរ៉ឺម៉កឆ្លង កាត់ផ្លូវ ទៅលិច ស្របពេលនោះ ក៏មានរថយន្ត០១ គ្រឿងម៉ាក FORD RANGER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កម្ពុជាMITH.007 បើកបរដោយឈ្មោះ រស់ សីហា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បើកបររថយន្តតាមផ្លូវជាតិ លេខ21 មានទិសដៅពីត្បូងទៅជើង ក៏បានបុកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើ ចំ ចំហៀងខាងឆ្វេង ធ្វើឲ្យម៉ូតូសណ្ដោងរ៉ឺម៉កខ្ទៀត ទៅបុកជាមួយម៉ូតូ០១គ្រឿងទៀតកំពុងឈប់នៅចន្លោះទ្រូងផ្លូវ រង់ចាំបត់ឆ្វេង មានម៉ាក HONDA ZOOMER-X ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1AA-4708 បើកបរដោយឈ្មោះ យឹម អុីណា ភេទស្រីអាយុ២៣ឆ្នាំ និងមានអ្នករួមដំណើរជាមួយ២ នាក់៖ ទី០១- ឈ្មោះ លី ពេជ្ររចនា ភេទស្រីអាយុ១១ ឆ្នាំ , ទី០២- ឈ្មោះ យឹម លីហ្សា ភេទស្រី អាយុ ២១ឆ្នាំ អ្នកទាំង០៣រង(របួសស្រាល) ។   

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូន ជនរង គ្រោះភាគីម៉ូតូរ៉ឺម៉កចំនួន០៣នាក់(ម្តាយនិងកូន) ដឹកតាមរថយន្តសាមុយទៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ចំណែក ជនរងគ្រោះភាគ្គីម៉ូតូ HONDA ZOOMER-X ចំនួន ០៣នាក់ទៀត ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ដូចគ្នា ។ 

ករណីនេះបណ្ដាលឱ្យខូចខាតរថយន្តផ្ទុះពោងសុវត្ថិភាពចំនួន០៣ (រងការខូចខាតក្បាលរថយន្តខាងឆ្វេងធ្ងន់) -ម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿង(ធ្ងន់) និងម៉ូតូចំនួន០១គ្រឿង(ស្រាល)។

 

ក្រោយសមត្ថកិច្ចជំនាញពិនិត្យវាស់វែងរួច បានដាក់សេចក្តីសន្និដ្ធានបឋមថា គឺបណ្តាលមកពីអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕


ចែករំលែក៖