ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរថយន្តហាយឡេនឌ័របើកក្នុងល្បឿនលឿន រេចង្កូតបុកម៉ូតូពេញទំហឹងអូសប្រមាណជាង១០ម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវរលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាក FZ ជិះឌុបគ្នាតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទិសដៅពីជើងទៅត្បូង ដោយបានបត់ស្តាំឆ្លងទៅឆ្វេងដៃ ពេលនោះ ស្រាប់តែមានរថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ ២A ៥២២៩ បើកក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅឆ្វេងដៃបុកម៉ូតូពេញទំហឹង ដែលបានឆ្លងផ្លូវផុតជិះខាងស្តាំដៃរបស់ខ្លួនទៅហើយ បណ្តាលអោយអូសម៉ូតូជាង១០ម៉ែត្រ ស្លាប់យុវជនម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ប្រភពបន្តថា បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ចំណែកម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុង ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការ និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រីឯជនបង្កឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលចោមចៅ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារអោយមកទទួលយកទៅបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ