ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចកងអាវុធហត្ថខេត្តចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្តសៀមរាប ដោយជាប់ពាក់ព័ន្ធនឹងហិង្សាដោយចេតនា និងអំពើលួច ។
ហេតុកាណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៣ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ដោយអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន មានដីកាចំនួន៥លើករបស់ចៅក្រមស៊ើបសួរឈុន ចាន់សីហា បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ៥នាក់ ១ ឈ្មោះ ធឿនធី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងឈើ កើតនៅភូមិរការ ឃុំកំពង់ចិនខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ២ ឈ្មោះអ៊ី ចន្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម កើតនៅភូមិរការ ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ៣ ឈ្មោះធី តិច ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរកើតនៅភូមិរការ ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ៤ ឈ្មោះធី សមន្នី ភេទស្រី អាយុ២២ឆ្នំា មុខរបរលក់ដូរ កើតនៅភូមិរការ ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ៥ ឈ្មោះ សាត រ៉ុម ភេទស្រី អាយុ៦០ឆ្នាំ មុខរបរលក់ដូរ កើតនៅភូមិរការ ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិក្រសាំងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីក្រុមសាច់ញាតិជនសង្ស័យ ដែលឈរនៅមុខតុលាការខេត្តបានឲ្យដឹងថា បងប្អូនរបស់គាត់បានជួលមេធាវីឈ្មោះសួង សុភា ដើម្បីការពារក្តីអស់ចំនួនជិត៣០០០ដុល្លារ តែហេតុអីបានជាត្រូវគេចាប់ខ្លួនពួកគាត់ទៀត ។ ពួកគាត់ស្នើឲ្យស្ថាប័នតុលាការជួយរកភាពយុត្តិធម៌ឲ្យពួកគាត់ផង ។
ទាក់ទិនករណីនេះដែរ លោកសួង សុភាមេធាវី ការពារក្តីឲ្យជនបង្កបានឲ្យដឹងថា ករណីនេះលោកបានស្នើទៅលោកចៅក្រមឲ្យពិចារណារឿងនេះឡើងវិញ ព្រោះកូនក្តីរបស់លោកគ្រាន់ប៉ះទង្គិចគ្នាបន្តិចបន្តួច និងមានហិង្សាស្រាលទេ ។ ចឹងលោកបានធ្វើការរឿងនេះអស់ពីលទ្ធភាពហើយ តែជួយមិនបាន ដោយលោកចៅក្រមមិនយល់ព្រម ហើយលោកក៏បានប្រគល់លុយទៅឲ្យកូនក្តីរបស់លោកវិញខ្លះហើយ ។ ចំណែកខាងភាគីដើមបណ្តឹងបានឲ្យដឹងថា គាត់មានការត្រេកអរនូវចំណាត់ការរបស់តុលាការ តែឃើញចាប់៥នាក់ នៅជនដៃដល់ម្នាក់ទៀត មិនទាន់ចាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវចោទប្រកាន់ពីបទហិង្សាដោយចេតនា និងអំពើលួច បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕ ជានិរន្ដរ៍