ព័ត៌មានទាន់ហេតុការណ៍៖

រលក​ក​ម្តៅ​វាយ​ប្រហារ​នៅ​អឺរ៉ុប​ បណ្ដាលឱ្យ​មាន​មនុស្ស​ ១០ ០០០នាក់​ស្លាប់ នាចុងខែ​មិថុនាកន្លងទៅថ្មីៗនេះ!

ចែករំលែក៖

អឺរ៉ុប​៖​ បើយោងតាមទិន្នន័យ​​ចេញផ្សាយ​ដោយ​បណ្តាញ​គាំទ្រដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុប ​និងអង្គ​ការសុខភាពពិភព​លោក (EuroMOMO)​​ បានបង្ហាញថា បណ្តា​ប្រទេស​នៅអឺរ៉ុប​​មាន​មនុស្ស​ស្លាប់​លើស​ពី ១០ ០០០នាក់​​ អំឡុងពេល​រលកកម្តៅ​ដ៏​ខ្លាំងបំផុត​បាន​​វាយ​ប្រហារ​​​ភាគខាងលិច​នៃទ្វីបអឺរ៉ុប​នៅចុង​ខែមិថុនា ​ក្នុង​នោះ​ជាង ៩ ០០០​នាក់​នៃ​​អ្នកស្លាប់​ ស្ថិត​ក្នុងចំណោម​មនុស្សដែល​មានអាយុ ៦៥​ឆ្នាំ​ឡើង​។

យោងតាម​ការចុះផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ២០២៦​នេះថា កម្តៅ​ខ្លាំង​អាចសម្លាប់​មនុស្ស​ តាម​រយៈ​បង្ក​ឱ្យ​​​ដាច់សរសៃឈាមខួរ​ក្បាល ឬជំងឺសរសៃឈាមបេះដូង និង​ផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ​​ ក្នុង​នោះ​មនុស្សចាស់ងាយ​រងគ្រោះបំផុត។

រលក​កម្តៅ​នៅ​អឺរ៉ុប​។

ជាក់ស្ដែង​យោងតាមអត្រា​មរណភាពរួមបញ្ចូលគ្នារបស់​ប្រទេស​នៅអឺរ៉ុប​​ក្នុងរយៈ​ពេល​​ ៨សប្តាហ៍មុន ជា​មធ្យមមាន​មនុស្ស​ជិត​​ ៥០០នាក់ស្លាប់​ក្នុង​មួយសប្តាហ៍​។​ មិន​តែ​ប៉ុណ្ណោះ​ រលកកម្ដៅ​ខ្លាំងនៅចុងខែមិថុនា​បានរំខានដល់ការផ្គត់ផ្គង់​ថាមពល ​បិទសាលារៀន និងបំបែកកំណត់ត្រា​សីតុណ្ហភាពនៅប្រទេស​បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។

ប៉ុន្តែ​ទិន្នន័យ​​ EuroMOMO មិនបាន​ផ្សាយ​ពី​អត្រា​មរណភាពលើស​សម្រាប់​ប្រទេសនីមួយៗទេ ប៉ុន្តែ​កត់សម្គាល់ថា ប្រទេសបារាំង និងបែលហ្ស៊ិក​​មាន​​ត្រាអត្រាមរណភាព​លើស​ខ្ពស់​ខ្លាំង​ នៅក្នុងសប្តាហ៍ចុងក្រោយ​នៃខែមិថុនា។

ជាមួយគ្នានេះ​ បើយោងតាមវិទ្យាស្ថាន​សុខភាពសាធារណៈ Sciensano អត្រាមរណ​ភាពលើសរបស់ប្រទេសបែលហ្ស៊ិកគឺខ្ពស់បំផុត អំឡុងពេលរលក​កម្ដៅដែល​កំពុង​មាន​​​បច្ចុប្បន្ន​ ចាប់​តាំងពីឆ្នាំ ២០០០​ ។

ការសិក្សាដាច់ដោយឡែកមួយ ចេញផ្សាយនៅ​ថ្ងៃចន្ទនេះ​ ក៏បាន​ប៉ាន់​ប្រមាណថាមនុស្ស​ចំនួន ២ ៧០០​នាក់​ស្លាប់​ ទាក់ទងនឹង​កម្តៅ​ក្នុង​ប្រទេសអង់គ្លេស និង​​តំបន់​ Wales  អំឡុង​រលក​កម្តៅ​នា​ខែឧសភា និងខែមិថុនា៕ដោយ​៖តារា​

រូបភាព៖ France 24


ចែករំលែក៖