ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវលំ ភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យទាំង៣នាក់ (ប្រុស) រួមមាន៖

១. តែម ឌីម អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់)។

២. ឌីម សុផល ហៅឡុយ អាយុ៣៤ឆ្នាំ រស់នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់)។

៣. សេង គីមហ័រ អាយុ៣៧ឆ្នាំ ស្នាក់នៅឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រើប្រាស់)។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច សហការជាមួយកម្លាំងប្រជាការពារ បានចេញល្បាតក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យឈ្មោះ តែម ឌីម កំពុងដើរ ដោយមានការសង្ស័យ បានធ្វើការត្រួតពិនិត្យ រកឃើញម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន៥កញ្ចប់តូច លាក់ទុកក្នុងហោប៉ៅខោ។ បន្ទាប់មក សមត្ថកិច្ចបានឃាត់ខ្លួន និងសាកសួរ។

ជនសង្ស័យឈ្មោះ តែម ឌីម បានសារភាពថា គ្រឿងញៀនខាងលើជារបស់ខ្លួន ដោយបានចូលលុយជាមួយឈ្មោះ ឌីម សុផល ចំនួន២០ម៉ឺនរៀល ទិញពីមុខសញ្ញាមិនស្គាល់ ដើម្បីយកទៅលក់បន្តក្នុងតម្លៃ២៥ម៉ឺនរៀល។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត គឺឈ្មោះ ឌីម សុផល និងឈ្មោះ សេង គីមហ័រ ខណៈពេលកំពុងប្រើប្រាស់គ្រឿងញៀន នៅខ្ទមមួយក្នុងភូមិទឹកជា ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនចំនួន៥កញ្ចប់តូច ទម្ងន់សរុប៤,៥៥ក្រាម, ទូរស័ព្ទដៃ៤គ្រឿង, ម៉ាកផ្សេងៗ, ដាវ១ដើម, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងសម្ភារៈប្រើប្រាស់ ព្រមទាំងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បន្តអនុវត្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖