ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុក អាជ្ញាធរឃុំ និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈសំខាន់ៗទាំង ៥ករណី ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះ រួមមាន៖
ករណីទី១៖ ការអាស្រ័យផល ដាំដំណាំ និងសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើដីចំណីទន្លេ ព្រែក និងអរ ស្ថិតនៅក្នុងឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ និងឃុំឫស្សីស្រុក។
ករណីទី២៖ ការពិនិត្យដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅជុំវិញទួលទាំង៣ រួមមាន៖ ទួលរត់លាវ ទួលចេតិយ៍ និងទួលច្រនៀង ស្ថិតនៅក្នុងឃុំបឹងវែង និងឃុំបារាយណ៍។
ករណីទី៣៖ ករណីដីអាស្រ័យផលរបស់ប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលនៅជុំវិញបឹងរាម ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ឃុំផ្ទះកណ្តាល និងឃុំបារាយណ៍។
ករណីទី៤៖ ករណីដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបឹងរាម ដែលបានចុះបញ្ជីកម្មសិទ្ធិជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ករណីទី៥៖ ករណីបងប្អូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលដីនៅក្នុងតំបន់ទំនប់បាយដេ ស្ថិតនៅក្នុងភូមិកំធ្លាក់ ឃុំបារាយណ៍។
លោក អ៊ុន ចាន់ដា បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីទាំងនោះឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងតម្លាភាព ដើម្បីស្វែងរកដំណោះស្រាយសមស្រប ស្របតាមនីតិវិធីច្បាប់ បង្ការផលប៉ះពាល់ និងធានាបាននូវផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច