ភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វាយតម្លៃខ្ពស់ថា ទស្សនកិច្ចការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន នាសប្តាហ៍នេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានជាច្រើនសម្រាប់កម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី។
ការវាយតម្លៃនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដានេះថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចធិបតី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
លោកបណ្ឌិត ជា មុនីឬទ្ធិ បានប្រាប់ថា «ខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់លទ្ធផលជាវិជ្ជមានជាច្រើន សម្រាប់កម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី។ ខ្ញុំរំពឹងថា ជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំចិន និង ការជួបពិភាក្សាជាមួយវិនិយោគិនធុរកិច្ចនានា នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនចិន ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ព្រមទាំង ជំរុញឱ្យមានភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាកាន់តែច្រើន តាមរយៈទិដ្ឋការឥតគិតថ្លៃ ជូនដល់ជនជាតិចិន។ លើសពីនេះ ខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងការអនុវត្ត កាន់តែមានប្រសិទ្ធភាព នូវកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងនាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ កិច្ចសហប្រតិបត្តិការទាំងនេះក៏ត្រូវបានរំពឹងថា នឹងបន្តអភិវឌ្ឍន៍ក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ ដែលប្រទេសយើងទាំងពីរបានឯកភាពគ្នា»។
ជាមួយគ្នានេះ សម្រាប់ការចូលរួមក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ត្រូវបានលោកបណ្ឌិត ជា មុនីឬទ្ធិ ចាត់ទុកថា គឺជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍ និង ការអភិវឌ្ឍឧស្សាហកម្មទំនើប។ ប្រសិនបើកម្ពុជាអាចទាញយកឱកាសពីការផ្ទេរបច្ចេកវិទ្យា, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការវិនិយោគលើវិស័យបច្ចេកវិទ្យា បានកាន់តែច្រើន នោះនឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច, ការបង្កើនផលិតភាព និងការប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងសកលលោក។
«ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និង ចិន ព្រមទាំង បង្កើតឱកាសថ្មីៗ សម្រាប់ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងវិបុលភាពរួម របស់ប្រជាជននៃប្រទេសយើងទាំងពីរ»៕
ដោយ ៖ លោកបណ្ឌិត ជា មុនីឬទ្ធិ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច