ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីការងារការទូតសកម្មរស់រវើករបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាក្នុងបុព្វហេតុជាតិនិងប្រជាជន៖
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ -១៧ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នឹងអញ្ជើញចូលរួមពិធីបើក «សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦» នៅទីក្រុងសៀងហៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់»។
អញ្ជើញអមដំណើរសម្តេចធិបតី នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលព្រមទាំងតំណាងធុរជនកម្ពុជា។ ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបសម្តែងការគួរសមចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ សម្តេចធិបតី ក៏នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនទៀត។
ទស្សនកិច្ចការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រេទេសចិនពេលនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ទី២៖ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅតែជាសកម្មភាពការទូតដ៏រស់រវើកនិងសកម្មរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជម្រាបជូនឯកអគ្គរាជទូតជប៉ុនអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណចំពោះជប៉ុនដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជានៅតាមបណ្តោយព្រំដែន។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសដែលប្រមុខការទូតកម្ពុជាអនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អឹអិណុ អាត្សឹស៊ិ (UENO Atsushi) ចូលជួបដើម្បីជំរាបលាក្រោយពីឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកអគ្គរាជទូតជប៉ុនក៏បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសម្តែងនូវឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ។ ទន្ទឹមនឹងនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានសម្តែងការរីករាយ ដែលបានឃើញប្រទេសកម្ពុជាបន្តសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការទូត និងហេដ្ឋារចនាសម្ព័ន្ធ ទោះបីស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលមានការប្រែប្រួលយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦ ឯកអគ្គរាជទូតជប៉ុនដដែល និងប្រមុខការទូតកម្ពុជា ទើបតែបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤១៦លានយ៉េន(ប្រមាណ២.៨លានដុល្លារអាម៉េរិក)សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ គម្រោងនេះ នឹងផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។
ដោយឡែក ក្នុងឱកាសទទួលជំនួបសម្តែងការគួរសមពីតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកទៅកាន់ផ្ទះសម្បែងរបស់ពួកគេដោយសុវត្ថិភាព គ្មានការរារាំង និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអំពីបញ្ហាប្រឈមនានាដែលជនភៀសសឹកកំពុងជួបប្រទះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាប្រកបដោយន័យស្ថាបនា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហការបច្ចេកទេសក្នុងការគាំទ្រដល់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច