ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់រួមមាន ៖
ករណីដែលបានបង្ក្រាបរួមមាន អំពើលួចមានស្ថានទម្ងន់ទោស (ធាក់បំបាក់សោកលួចម៉ូតូ) ១ករណី, អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចកាត់យកដែកញ៉ូម និងសម្ភារ) ១ករណី, អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ១ករណី, អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយកាត់ខ្សែភ្លើង) ១ករណី និងអំពើលួច (លួចម៉ូតូ) ១ករណី ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ (ជនជាតិខ្មែរ ៦នាក់ និងជនជាតិចិន ២នាក់) និងដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទដៃ ដែកញ៉ូម សម្ភារ និងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច