ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លៀតម្ចាស់ស្រវឹងលួចរថយន្តបើកទៅដល់ស្រុកចំការលើ សមត្ថកិច្ចចាប់បានទាំងព្រលឹម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីម្ចាស់រថយន្តម្នាក់ស្រវឹងខ្លាំងមិនដឹងខ្លួន ហើយត្រូវបានចោរលួចរថយន្តទៅបាត់ តែដោយសាររថយន្តនោះ បំពាក់ប្រព័ន្ធ GPS ទើបសមត្ថកិច្ចដេញតាមចាប់បានមកវិញ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្រោមកិច្ចសហការរបស់កម្លាំងសមត្ថកិច្ចច្រើនគោលដៅ និងដោយមានប្រព័ន្ធ GPS ផងនោះ ទើបសមត្ថកិច្ចតាមរថយន្តនោះរហូតចាប់បានចោរស្រី ប្រុស២នាក់ ។

លោកវរសេនីយ៍ឯក ចាន់ ហោ នាយរងការិយាល័យកណ្តាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់អ្នកកាសែតថា ករណីបុរសម្ចាស់រថយន្តស្រវឹងបើករថយន្តទៅមុខមិនរួចកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចម្តុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមកជិត ហើយសួរ ពេលដែលឃើញម្ចាស់រថយន្តស្រវឹង ហើយប្រាប់ថា ទៅមុខមិនរួច ពេលនោះ ក៏ពឹងពាក់ឲ្យជនទាំងពីរនាក់ជូនមករកកន្លែងម៉ាស្សា ដើម្បីឲ្យស្វាង ។

ប៉ុន្តែបើតាមស្ត្រីជាភរិយាបុរសម្ចាស់រថយន្តបានឲ្យដឹងថា ប្តីរបស់គាត់គ្មានអ្នកផឹកស៊ីជជែកលេងជាមួយក៏បានហៅអ្នករត់ម៉ូតូឌុប ដែលមិនធ្លាប់ស្គាល់ឲ្យមកផឹកស៊ីជាមួយ ហើយពេលស្រវឹង ទំនងជាត្រូវថ្នាំសណ្តំ ត្រូវគេយករថយន្តនោះបាត់ទៅ ។ ស្រ្តីជាភរិយាអះអាងថា ហេតុការណ៍លួចរថយន្តបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំកាំបូល សង្កាត់កាំបូល ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់រថយន្តមានឈ្មោះពៅ ស្រីទូច ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារនាគមាស ស្នាក់នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសម្តីស្រ្តីជាប្រពន្ឋបានអោយដឹងថា មុនពេលកើតហេតុ ប្តីគាត់បានចេញពីផ្ទះ ដោយជិះម៉ូតូឌុបទៅម្តុំអូឌឹម ដើម្បីផឹកស៊ី ប៉ុន្តែពេលប្តីគាត់ទៅដល់ អត់មានមិត្តភក្តិអង្គុយផឹកជាមួយ បានហៅម៉ូតូឌុបដែលជាអ្នកដឹកនោះ ចូលទៅផឹកជាមួយ លុះពេលដែលគាត់ស្រវឹងស្រឿងបន្តិចៗ បានឱ្យម៉ូតូឌុបនោះជូនទៅផ្ទះវិញ ដើម្បីយករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បើកទៅផឹកម្តងទៀត ។

ពេលដែលផឹកស្រាស្រវឹង ប្តីគាត់ហាក់ដូចជាត្រូវថ្នាំសណ្តំ អ៊ីចឹងបានទោទន់ងោកមួយភាំង មិនដឹងថា អ្នករត់ម៉ូតូឌុប ឬក៏បក្សពួកគេបានលួចកូនសោរថយន្តបើករថយន្តចេញទៅបាត់ ទើបប្តីគាត់ដឹងខ្លួនបានដឹង ហើយដោយសាររថយន្តមានភ្ជាប់ប្រព័ន្ធ ជីភីអេស គាត់បានបានឆែកប្រព័ន្ធជីភីអេសឃើញរថយន្តរបស់គាត់ ត្រូវជនសង្ស័យបើកចេញទៅតាមផ្លូវជាតិលេខ៦ ដល់ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ឯក ចាន់ ហោ បានឲ្យដឹងថា បើតាមចម្លើយរបស់ជនសង្ស័យថា ក្រោយពីនាំម្ចាស់រថយន្តដល់ហាងម៉ាស្សាហើយនោះ ពួកគេក៏សុំបើករថយន្តទៅទិញភេសជ្ជៈមកឲ្យផឹក ដើម្បីឲ្យឆាប់ស្វាង ។ ពេលនោះម្ចាស់រថយន្តបានដេកលក់ រីឯពួកគេជាជនសង្ស័យ ក៏បើករថយន្តរត់គេចតែម្តង ។

សមត្ថកិច្ចនៅតាមដងផ្លូវបានឃ្លាំមើលសកម្មភាព ចោរទាំងពីរនាក់នេះ រហូតទីបំផុតនៅវេលាម៉ោងជាង៥ព្រឹក ទើបបង្ក្រាបបានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ១AI ៧៨៤៣ និងឃាត់បានជនសង្ស័យ២នាក់ ទី១ ឈ្មោះទ្រី រិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលរាជធានីភ្នំពេញ និងទី២ ឈ្មោះ អ៊ុល សុវណ្ណារី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយរកឃើញថ្នាំញៀន២កញ្ចប់តូច, បន្ទាស់អាឡុយមីញ៉ូមមួយចំនួន, ទូរស័ព្ទ អិនចុចពិល១គ្រឿង, កាតគ្រីម៉ូតូ២សន្លឹក, ដែកកេះ២, អត្តសញ្ញាណបណ្ណ១សន្លឹក, សោឡាន២, សោម៉ូតូ២ និងលិខិតទិញ លក់ម៉ូតូ១សន្លឹក ៕ នួន នរិន្ទ្រន៍

as-3 as as-1


ចែករំលែក៖