ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្ដឹងនៅនឹងកន្លែងកើតហេតុខណៈរូបគាត់បានបើកម៉ូតូធំមួយគ្រឿងក្នុងល្បឿនលឿនបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលហើយម៉ូតូមួយគ្រឿងទៀតបានបើកគេចចេញពីកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 22 និង 19 នាទីយប់ថ្ងៃទី 18 ខែកក្កដាឆ្នាំ 2026 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1KM 8253 ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏ចាប់ហ្វ្រាំងមិនទាន់ចូលទៅបុកម៉ូតូ scoopy មួយគ្រឿងទៀតមិនចាំស្លាកលេខបណ្ដាលឲ្យយុវជនខាងលើនេះដួលរងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្ដង។
ប្រភពព័ត៌មានបន្តអោយដឹងទៀតថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទាក់ទងទៅរថយន្តសាមុយដឹកជនរងគ្រោះដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយឡែកភាគីម៉ូតូស្គូបពីបានបើកចេញពីកន្លែងកើតហេតុបាត់។
ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់មកទទួលនៅពេលក្រោយ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច