ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានប្រកាសតាមបណ្តាញសង្គម X ថា លោកស្រីនឹងចូលរួមទស្សនាការប្រកួត វគ្គផ្តាច់ព្រ័ត្រ FIFA World Cup នៅរដ្ឋ New Jersey នាថ្ងៃអាទិត្យនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump រួមជាមួយនាយករដ្ឋមន្ត្រីកាណាដា Mark Carney។
លោកស្រី Sheinbaum បានលើកឡើងថា៖ «ខ្ញុំយល់ថា វាមានសារៈសំខាន់ផ្នែកនយោបាយ ដែលប្រទេសម្ចាស់ផ្ទះទាំងបីនៃការប្រកួតបាល់ទាត់ពិភពលោក ចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយគ្នា។ វាក៏ជាសញ្ញាបង្ហាញពីការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងម៉ិកស៊ិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ»។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង អាហ្សង់ទីន និង អេស្ប៉ាញ នឹងបិទបញ្ចប់ការប្រកួត FIFA World Cup 2026 ដែលមានរយៈពេលជាង ៥សប្តាហ៍ និងមានក្រុមចូលរួមសរុប ៤៨ក្រុម ដោយបានចាប់ផ្តើមពីទីក្រុង Mexico City កាលពីថ្ងៃទី ១១ ខែមិថុនា។
កាលពីមុន លោកស្រី Sheinbaum ធ្លាប់បញ្ជាក់ថា លោកស្រីនឹងមិនចូលរួមទស្សនាការប្រកួត World Cup ណាមួយឡើយ ដើម្បីបង្ហាញការគាំទ្រដល់ប្រជាពលរដ្ឋម៉ិកស៊ិកធម្មតា ដែលមិនអាចមានលទ្ធភាពទិញសំបុត្រចូលទស្សនា ដោយសារតម្លៃសំបុត្រឡើងដល់រាប់ពាន់ដុល្លារ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ តម្លៃសំបុត្រខ្លះបានកើនលើស 10,000 ដុល្លារ ដោយសារតែ FIFA អនុវត្តប្រព័ន្ធកំណត់តម្លៃសំបុត្របែប Dynamic Pricing ដែលកំណត់តម្លៃទៅតាមតម្រូវការទីផ្សារ។
ការចូលរួមរបស់លោកស្រី Sheinbaum និងលោក Mark Carney ក៏កើតឡើងស្របពេលដែល ម៉ិកស៊ិក និង កាណាដា កំពុងចរចាពាណិជ្ជកម្មដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក ដោយមានបំណងបញ្ចុះបញ្ចូលលោក Trump ឱ្យបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគីអាមេរិកខាងជើង។
ទំនាក់ទំនងរវាងលោកស្រី Sheinbaum និងលោក Trump ត្រូវបានគេមើលឃើញថា មានលក្ខណៈស្និទ្ធស្នាល ប៉ុន្តែក៏មានភាពតានតឹងខ្លះៗ ដោយលោកស្រីព្យាយាមជៀសវាងការបញ្ចេញមតិ ឬដាក់ចេញគោលនយោបាយដែលអាចធ្វើឱ្យលោក Trump មិនពេញចិត្ត។
ចំណែកទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និង កាណាដា វិញ មានភាពតានតឹងជាងនេះ ដោយលោក Mark Carney និងលោក Trump តែងតែផ្លាស់ប្តូរពាក្យសម្ដីរិះគន់គ្នា និងគំរាមដាក់ពន្ធគយទៅវិញទៅមក។
ក្រុមអ្នកចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងម៉ិកស៊ិក នឹងជួបពិភាក្សាជុំទី៣ នៅទីក្រុង Mexico City នាថ្ងៃអង្គារ ខាងមុខ ដើម្បីកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន ដែកថែប ឧស្សាហកម្មរថយន្ត កសិកម្ម និងប្រព័ន្ធទូទាត់អេឡិចត្រូនិក៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច