ខេត្តកណ្ដាល៖ ការលក់ ឬប្រគល់គណនីធនាគារផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃ មិនមែនជារឿងតូចតាច ឬជាវិធីរកប្រាក់ងាយៗនោះទេ ប៉ុន្តែអាចក្លាយជាការបើកផ្លូវឱ្យក្រុមឧក្រិដ្ឋជនយកទៅប្រើប្រាស់ក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឱ្យម្ចាស់គណនីប្រឈមនឹងការស៊ើបអង្កេត និងការទទួលខុសត្រូវតាមផ្លូវច្បាប់។
ជាក់ស្តែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤២នាទី នៅចំណុចមុខធនាគារប្រៃសណីយ៍ ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ត កណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមការបង្ហាញពីសមត្ថកិច្ច ជនសង្ស័យត្រូវបានចោទថា បានបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យបើកគណនីធនាគារផ្ទាល់ខ្លួន (រួមមាន ACLEDA, ABA, Wing និងធនាគារផ្សេងៗ) រួចទិញក្នុងតម្លៃប្រមាណ ៥០ដុល្លារ ក្នុងមួយគណនី។ បន្ទាប់មក គណនីដែលប្រមូលបានសរុប ៩៥គណនី ត្រូវបានលក់បន្តទៅឱ្យមេក្លោងម្នាក់ ដែលត្រូវបានរាយការណ៍ថាជាជនជាតិវៀតណាម។
ករណីនេះគឺជាសារព្រមានយ៉ាងច្បាស់ថា ការលក់គណនីធនាគារមិនមែនជាការលក់តែសៀវភៅ ឬលេខគណនីប៉ុណ្ណោះទេ ប៉ុន្តែជាការប្រគល់អត្តសញ្ញាណហិរញ្ញវត្ថុរបស់ខ្លួនទៅឱ្យអ្នកដទៃប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។ នៅពេលគណនីទាំងនោះត្រូវបានប្រើសម្រាប់បោកប្រាស់ លាងលុយ ឬបទល្មើសផ្សេងៗ ម្ចាស់គណនីអាចក្លាយជាបុគ្គលដែលស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។
អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋ កុំលក់ កុំជួល កុំប្រគល់គណនីធនាគារ ឬព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងគណនីរបស់ខ្លួនឱ្យអ្នកដទៃ ទោះជាទទួលបានប្រាក់ កម្រៃប៉ុន្មានក៏ដោយ។ ប្រសិនបើបានដឹង ឬមានការសង្ស័យថា មានបុគ្គលណាកំពុងប្រមូលទិញគណនីធនាគារពីប្រជាពលរដ្ឋ សូមរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ចនៅមូលដ្ឋាន ដើម្បីចាត់វិធានការស្របច្បាប់ និងទប់ស្កាត់បទល្មើសឱ្យបានទាន់ពេលវេលា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច