ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកអណ្តូងមាស ចុះបង្ក្រាបករណីធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង

ចែករំលែក៖

 

ខេត្តរតនគិរី ៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងគណៈបញ្ជាការឯកភាពស្រុកអណ្តូងមាសដឹកនាំដោយលោក មាស សារ៉េត អភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាពស្រុកអណ្តូងមាស នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៦ បានចុះបង្រ្កាបករណីធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅចំណុចក្រោយភូមិតាំងសេ(បរខាំ) ស្ថិតនៅភូមិតាំងសេ(បរខាំ) ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឡាង ស្រ៊ុន ភេទប្រុសអាយុ ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែអំពិល ស្រុកអូរគ្រៀងសែនជ័យ ខេត្ត ក្រចេះ ទទួលទិញដីពីប្រជាពលរដ្ឋក្នុង ១បេតម្លៃ ១៥ ០០០រៀល ដោយមានឈ្មោះ សុខ សាន្ត ជាអ្នកផ្ដល់លុយ និងសម្ភារៈ ។

សម្ភារ:វត្ថុតាងដែលសមត្ថកិច្ចបានចុះបង្រ្កាបរួមមាន ម៉ាស៊ីនកិនរ៉ែ ១គ្រឿង ក្បាលកិនថ្មចំនួន ១គ្រឿង ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង ទុយោបូមទឹកចំនួន ១ខ្សែ ទុយោបូមដីចំនួន ១ដើម ប៉ែលចំនួន ៤ដើម ស្មៅជ័រសម្រាប់ចាប់មាសចំនួន ៤ដុំ ដែកត្បែងចំនួន ១ដើម ឆាងម៉ាងរ៉ែងមាសចំនួន២។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ប្រភពព័ត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា ដីដែលក្រុមរ៉ែងមាសខុសច្បាប់គឺ ទិញពីបងប្អូនជនជាតិដឹកចេញពីតំបន់ភ្នំង៉ោក(ភាសាចារ៉ាយភ្នំមាស)៕


ចែករំលែក៖