ភ្នំពេញ៖ ឃាតកដែលបានខ្ទប់ដង្ហើមសម្លាប់ស្ត្រីម្នាក់បន្ទាប់ពីរួមភេទរួចនៅផ្ទះសំណាក់គ្រួសារត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ងាននគរបាល រាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ស្រាវជ្រាវឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ មុខឃ្លាំងដាក់ឡានVTS ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ឃាតកម្មនេះបានកើតឡើងកាលពី វេលាម៉ោង១៧និង២០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះសំណាក់គ្រួសារ បន្ទប់២០៤ ជាន់ទី១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
ឃាតកដៃដល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ យ៉ង ស៊ាងខៃ ហៅអា ខុម ភេទប្រុស អាយុ២៦ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ឃឿន ផលឡៃ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិសន្ទិចលិច ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា ឃាតករូបនោះត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវហើយឈានទៅសហការជាមួយនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ និង អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងឈានទៅឃាត់ ខ្លួនបន្ទាប់ពីធ្វើសកម្មភាពនាំនារីរងគ្រោះទៅដេកនៅផ្ទះសំណាក់រួចខ្ទប់ដង្ហើមសម្លាប់ហើយបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
តាមបុគ្គលិកផ្ទះសំណាក់បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកHonda Beat ពណ៌ខៀវ មិនចាំស្លាកលេខដឹកជនរងគ្រោះមកផ្ទះសំណាក់ហើយជួលបន្ទប់ដេកមួយយប់។ លុះនៅវេលាម៉ោងប្រហែល១២និង០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកផ្ទះសំណាក់ក៏បានបើកទ្វារសម្អាតបន្ទប់ស្រាប់តែឃើញជនរងគ្រោះស្លាប់នៅលើឥដ្ឋការ៉ូជាប់គ្រែ រួចក៏ប្រាប់ម្ចាស់ផ្ទះសំណាក់ឱ្យរាយការណ៍ទៅសមត្ថកិច្ច។
តាមព័ត៌មានបានឱ្យដឹងទៀតថា ជនរងគ្រោះនិងបុរសជាឃាតកធ្លាប់មានទំនាក់ទំនងគ្នា ហើយក៏បាននាំជនរងគ្រោះមកផ្ទះសំណាក់រួមភេទរួចហើយក៏សម្លាប់ជនរងគ្រោះតែម្ដង។
តាមការត្រួតពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយស្ទះដង្ហើម (ឃាតកម្មខ្ទប់ច្រមុះ មាត់)។ បន្ទាប់ពីមានករណីឃាតកម្មកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការស្រាវជ្រាវតែរយៈពីរថ្ងៃក៏ឈានទៅឃាត់ខ្លួនឃាតកតែម្តង។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថាជនដៃដល់មានគំនុំអ្វីជាមួយជនរងគ្រោះឡើយដោយឃាតករូបនោះពុំទាន់សារភាពនៅឡើយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច