ខេត្តសៀមរាប ៖ លោកវរសេនីយ៍ត្រីសាន សាន់នី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានទទួលមរណភាពហើយ បន្ទាប់ពីបានរងរបួសធ្ងន់ធ្ងរក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដែលបានកើតឡើងកាលពីវេលាម៉ោង ៩:៤៣នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវអាចារ្យហែមចៀវត្រង់ចំណុចខាងត្បូងស្តុបកោះកេរ្តិ៍ប្រមាណ ៣០ម៉ែត្រ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលា កំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពបានឲ្យដឹងថា លោកវរសេនីយ៍ត្រី សាន សាន់នី នាយ រងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អកុសលបានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយសាររបួសធ្ងន់ធ្ងរពេក។ សពរបស់លោកត្រូវបានបញ្ជូនចេញពីមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ទៅកាន់គេហដ្ឋាន ស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប នៅវេលាម៉ោង ៩:៣០ នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។
សូមរំលឹកថា តាមរបាយការណ៍ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តម៉ាក SSANG YONG MUSSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-9855 បើកបរដោយឈ្មោះ អួង វឌ្ឍនា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបុក ម៉ូតូម៉ាក Honda Cub ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1U-3695 ដែលបើកបរដោយលោក វរសេនីយ៍ ត្រី សាន សាន់នី រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប ដែលជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋានខេត្តសៀមរាប។
ក្រោយការពិនិត្យ វាស់វែង និងស្រាវជ្រាវកន្លែងកើតហេតុ រួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តបើកបរមិនប្រកាន់ស្តាំ ដែលជាហេតុនាំឱ្យបុកម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ រហូតដល់ស្លាប់។
លោក វរសេនីយ៍ឯក ឡុង ម៉ែនសុយ៉ាលី ស្នងការរង ទទួលផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ភ្នាក់ងារយើង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦នេះថា កម្លាំងនគរបាលការិយាល័យជំនាញបានស្នើសុំគោល ការណ៍ថ្នាក់ដឹកនាំ ដើម្បីឃាត់ខ្លួនអ្នក បើកបររថយន្ត និងបានកសាងសំណុំរឿងបញ្ជូនទាំងជនសង្ស័យ និងសំណុំរឿងទៅកាន់សាលាដំបូងខេត្តសៀម រាបរួចហើយ ដើម្បីបន្តនីតិវិធីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលលោកវរសេនីយ៍ ត្រី សាន សាន់នី កំពុងសម្រាកព្យាបាល ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងតាមដានស្ថានភាពរបស់លោកជាបន្តបន្ទាប់ ដោយបង្ហាញការយកចិត្តទុកដាក់ចំពោះមន្ត្រីដែលបានបំពេញ ភារកិច្ចបម្រើសង្គមជាច្រើនផងដែរ។
ការទទួលមរណភាពរបស់លោកវរសេនីយ៍ត្រី សាន សាន់នី គឺជាការបាត់ បង់ធនធានមនុស្សដ៏មានតម្លៃរបស់កងកម្លាំងនគរបាលជាតិ និងបានបន្សល់ទុកនូវសេចក្តីសោកស្តាយយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារ មិត្តរួមការងារ និងប្រជា ពលរដ្ឋជាច្រើនដែលលោកបានស្គាល់ ហើយបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព ។
បច្ចុប្បន្ន ជនសង្ស័យដែលជាអ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃនោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្ត បណ្តោះអាសន្នហើយ នៅថ្ងៃទី ១៩ ខែ កក្កដាឆ្នាំ២០២៦ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច